ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន និងលោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយ ដែលបានរៀបចំឡើងនៅវិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អង្គពិធីទាំងមូលបានប្រព្រឹត្តទៅក្រោមការចូលរួមយ៉ាងកុះករពីសំណាក់ លោក-លោកស្រី អភិបាលរងក្រុងសំរោង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរដែនដី មន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីច្បាប់ចរាចរណ៍ផ្លូវគោក បណ្តុះស្មារតីប្រុងប្រយ័ត្ន និងផ្លាស់ប្តូរឥរិយាបថក្នុងការបើកបររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍មូលដ្ឋាន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ អត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរមា។
សម្ភារអប់រំ ឯកសារប័ណ្ណប្រកាស និងការដំឡើងផ្ទាំងប៉ាណូស្ដីពីសុវត្ថិភាពចរាចរណ៍នាឱកាសនេះ ទទួលបានការគាំទ្រថវិកា និងកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីគម្រោងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលដៅរួមចំណែកសម្រេចឱ្យបាននូវផែនការសកម្មភាពជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕ដោយ សួន ពិសិត



































