(ឌូបៃ)៖ ប្រទេសអ៉ីរ៉ង់បានប្តេជ្ញាដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីទណ្ឌកម្មអាមេរិក ខណៈមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងវាយបកវិញ «កាន់តែឈឺចាប់» ប្រសិនបើរងការវាយប្រហារបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែដឹងថា «ច្បាប់នៃការប្រយុទ្ធបានផ្លាស់ប្តូរហើយ មុនពេលដែលវាយឺតពេល»។ លោកបានសង្កត់ធ្ងន់ដូច្នេះថា «ចាប់ពីពេលនេះតទៅ រាល់ការវាយប្រហារលើផលប្រយោជន៍ និងសន្តិសុខរបស់អ៉ីរ៉ង់ នឹងត្រូវរងការវាយបកវិញកាន់តែលឿន កាន់តែធ្ងន់ធ្ងរ និងកាន់តែឈឺចាប់បំផុត»។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៉ីរ៉ង់ចំនួន ៣គ្រឿង ដើម្បីសងសឹកនឹងការដែលកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានបាញ់មីស៊ីលផ្លោងសំដៅលើនាវាចម្បាំងអាមេរិកចំនួន ២គ្រឿង កាលពីចុងសប្តាហ៍កន្លងទៅ។
គួរបញ្ជាក់ថា បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេល ៦ខែមកនេះ ជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់ នៅតែបន្តស្ថិតក្នុងភាពទាល់ច្រក ខណៈកិច្ចចរចាសន្តិភាពមិនទាន់មានលទ្ធផលជាក់ស្តែង ហើយអ៉ីរ៉ង់នៅតែបន្តបិទខ្ទប់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ដដែល៕



























