ប្រកៀកស្មារួមគ្នា សមរភូមិក្រោយនាំកម្លាំងចិត្តជូនវីរកងទ័ពការពារទឹកដី

(កំពង់ធំ)៖ នាថ្ងៃចន្ទទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ការឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ជូនដល់វីរកងទ័ព គឺជាការប្រកៀកស្មារវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងស្មារតីរួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ទោះបីប្រជាពលរដ្ឋនៅសមរភូមិក្រោយមិនបានចូលរួមបំពេញភារកិច្ចនៅតំបន់ព្រំដែនដោយផ្ទាល់ក៏ដោយ ក៏អាចចូលរួមគាំទ្រដល់វីរកងទ័ព តាមរយៈការផ្តល់គ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាតាមលទ្ធភាព។ ការចូលរួមទាំងនេះ គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់កងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិ។

អំណោយដែលបានប្រគល់ជូនវីរកងទ័ព គឺជាអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋា តាមរយៈឯកឧត្តម ជីវ ស៊ុនហេង ដែលរួមមាន ត្រីខរចំនួន៥០យួរ ប៊ីចែងចំនួន៥០កញ្ចប់ ទឹកត្រី និងទឹកស៊ីអ៊ីវចំនួន៥០យួរ ក្រមាចំនួន២០០ និងថវិកាចំនួន២លានរៀល។

ជាមួយគ្នានេះ រដ្ឋបាលឃុំកំពង់ចិនជើង និងសប្បុរសជនមួយចំនួនទៀត ក៏បានចូលរួមឧបត្ថម្ភទឹកសុទ្ធចំនួន១.៥០០យួរ និងប្រេងម៉ាស៊ូតចំនួន៣កាន ដើម្បីចូលរួមផ្គត់ផ្គង់ និងគាំទ្រដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច។

លោកអភិបាលស្រុកស្ទោង បានចាត់ទុកការចូលរួមនេះថា ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការរួបរួមរបស់អាជ្ញាធរ ប្រជាពលរដ្ឋ និងសប្បុរសជន ដែលមានឆន្ទៈចូលរួមចំណែកក្នុងការគាំទ្រដល់កងទ័ព។

សមរភូមិមុខមានកងទ័ពឈរជើងការពារបូរណភាពទឹកដី ខណៈសមរភូមិក្រោយមានអាជ្ញាធរ ប្រជាពលរដ្ឋ និងសប្បុរសជនចូលរួមគាំទ្រតាមលទ្ធភាព។ ការប្រកៀកស្មាររវាងភាគីទាំងពីរ បានបង្កើតជាកម្លាំងរួមមួយដ៏មានសារៈសំខាន់ ក្នុងការលើកទឹកចិត្តដល់អ្នកដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន។

លោកបានអំពាវនាវឱ្យមានការបន្តចូលរួមគាំទ្រដល់វីរកងទ័ពតាមលទ្ធភាព និងសមត្ថភាពរបស់ម្នាក់ៗ ព្រោះរាល់ការចូលរួមតូចធំ សុទ្ធតែជាការបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងបំពេញភារកិច្ចការពារជាតិ។

ជាមួយគ្នានេះ ការផ្តល់អំណោយ និងការឧបត្ថម្ភផ្សេងៗ មិនត្រឹមតែជាការជួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាសារនៃកម្លាំងចិត្ត និងភាពកក់ក្តៅពីសមរភូមិក្រោយ ដែលបានផ្ញើទៅកាន់វីរកងទ័ពនៅសមរភូមិមុខ។

ស្មារតីប្រកៀកស្មាររវាងសមរភូមិមុខ និងសមរភូមិក្រោយនេះ គឺជាកម្លាំងមួយដែលបង្ហាញពីការរួបរួមគ្នារបស់កូនខ្មែរគ្រប់មជ្ឈដ្ឋាន ដើម្បីគាំទ្រដល់អ្នកដែលកំពុងបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដីកម្ពុជា៕