
(កំពង់ធំ)÷ ដើម្បីរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់តែច្បាស់ និងទូលំទូលាយអំពីសេវាសុខាភិបាលនៅក្នុងមូលដ្ឋាន លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងសហការី កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក ប៉ឹក គីមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងបន្តជួបពិភាក្សាជាមួយថ្នាក់ដឹកនាំលោក ញ៉ែម ពេញ ប្រធាន ការិយាល័យស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ខេត្តកំពង់ធំ។
កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការរួមសហការគ្នាផលិត និងផ្សព្វផ្សាយព័ត៌មានអំពីលំហូរសកម្មភាពការងាររបស់វិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដែលកំពុងត្រូវបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកស្រី ង៉ែត ណារីន បានចាត់ទុកកិច្ចពិភាក្សានេះថា មានសារៈសំខាន់ ព្រោះការផ្សព្វផ្សាយព័ត៌មានសុខាភិបាលបានត្រឹមត្រូវ និងទូលំទូលាយ នឹងជួយឱ្យប្រជាពលរដ្ឋកាន់តែយល់ដឹងពីសេវាដែលមាននៅក្នុងមូលដ្ឋាន និងអត្ថប្រយោជន៍ដែលពួកគាត់អាចទទួលបាន។

ជាក់ស្តែង ប្រជាពលរដ្ឋដែលមានប័ណ្ណ ប.ស.ស. ប័ណ្ណសមធម៌ ឬប័ណ្ណសម្គាល់គ្រួសារក្រីក្រ អាចទទួលបានសេវាពិនិត្យ និងព្យាបាលតាមលក្ខខណ្ឌដែលបានកំណត់ ដែលជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ។ ដូច្នេះ ការផ្សព្វផ្សាយព័ត៌មានឱ្យបានច្បាស់លាស់ គឺជាផ្នែកមួយដែលអាចជួយឱ្យប្រជាពលរដ្ឋស្គាល់ និងប្រើប្រាស់សេវាសុខាភិបាលដែលមានស្រាប់បានកាន់តែប្រសើរ។
ជាមួយគ្នានេះ លោក ប៉ឹក គីមសាន
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានលើកឡើងពីវឌ្ឍនភាពការងាររបស់វិស័យសុខាភិបាល ដែលកំពុងបន្តពង្រឹង និងលើកកម្ពស់គុណភាពសេវា ដោយផ្តោតលើគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ។
បច្ចុប្បន្ន មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកប្រតិបត្តិស្រុក និងមណ្ឌលសុខភាពនានា បាននិងកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋ ខណៈមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ កំពុងយកចិត្តទុកដាក់ពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺយ៉ាងសកម្ម។ ទន្ទឹមនោះ ការប្រើប្រាស់ឧបករណ៍ និងសម្ភារៈវេជ្ជសាស្ត្រទំនើប ក៏ជាផ្នែកមួយដែលជួយគាំទ្រដល់ការផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ឱ្យកាន់តែមានប្រសិទ្ធភាព។

ដោយឡែក លោក ញ៉ែម ពេញ ប្រធាន ការិយាល័យស្រុកប្រតិបត្តិបារាយណ៍-សន្ទុក បានឱ្យដឹងថា មន្ទីរពេទ្យបង្អែក ស្រុកបារាយណ៍-សន្ទុក មានមន្ត្រីបុគ្គលិក សុខាភិបាល ចំនួន ៧៨ នាក់
និងមានភារកិច្ចគ្របដណ្តប់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ រួមមាន ស្រុកតាំងគោក ស្រុកបារាយណ៍ និងស្រុកសន្ទុក ដែលមានប្រជាពលរដ្ឋសរុបជាង៣ម៉ឺននាក់។
ក្នុងឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសរុបចំនួន ១៥៩៦៤នាក់
មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក បានផ្តល់សេវាជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយផ្តោតលើការផ្តល់សេវាព្យាបាល និងថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ និងមិនមានការរើសអើង។

តាមរយៈកិច្ចពិភាក្សានេះ មន្ទីរព័ត៌មាន និងមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានបង្ហាញពីការយកចិត្តទុកដាក់ និងការសហការយ៉ាងជិតស្និទ្ធ ដើម្បីរួមគ្នាផលិត និងផ្សព្វផ្សាយព័ត៌មានជុំវិញសេវាសុខាភិបាល ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន អាចស្គាល់ពីសេវាដែលមាន និងទទួលបានព័ត៌មានដែលមានប្រយោជន៍សម្រាប់ការថែទាំសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ។ អត្ថបទដោយ លោក ប៉ាត ពណ្ណរាយ



































