
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Mun Yong-Jo ប្រធានសមាគម International Interchange Development Association (IIDA) នៃសាធារណរដ្ឋកូរ៉េ និងសហការី ដែលជានាយកប្រតិបត្តិក្រុមហ៊ុនធំៗនៅសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ព្រមទាំងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជន និងវិនិយោគិនកូរ៉េ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះលោក Mun Yong-Jo និងសហការី ចំពោះគំនិតផ្តួចផ្តើមក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងសមាគមកូរ៉េ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការបង្កើនចំនួនភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការបណ្តាក់ទុនវិនិយោគរបស់វិនិយោគិនកូរ៉េនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងមានបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។
ជាពិសេស កម្ពុជាបានដាក់ចេញយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ធ្វើពិពិធកម្មទីផ្សារ និងអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប បៃតង និងប្រកបដោយភាពវៃឆ្លាត។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាព និងជាចន្ទល់សេដ្ឋកិច្ច ក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងជំនួបនេះ លោក Mun Yong-Jo បានប្តេជ្ញាចូលរួមផ្សព្វផ្សាយអំពីស្ថានភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងស្ថានភាពសុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើររបស់កម្ពុជា ដែលលោកបានឃើញដោយផ្ទាល់នាពេលបច្ចុប្បន្ន ទៅកាន់ប្រជាជន និងធុរជននៅសាធារណរដ្ឋកូរ៉េ។

លោកប្រធាន IIDA បានលើកឡើងពីលទ្ធផលនៃការបង្ក្រាបបទល្មើសអនឡាញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាចូលរួមផ្សព្វផ្សាយពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ដើម្បីបង្កើនទំនុកចិត្តពីប្រជាជន និងវិនិយោគិនកូរ៉េ។
លើសពីនេះ លោក Mun Yong-Jo បានប្តេជ្ញាត្រៀមអនុវត្តសកម្មភាពនានា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនការធ្វើដំណើរ និងទេសចរណ៍រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងរួមចំណែកទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើន។
គួរបញ្ជាក់ថា សមាគម International Interchange Development Association (IIDA) គឺជាសមាគមអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ដែលមានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិជាមួយបណ្តាប្រទេសជុំវិញពិភពលោក។
សមាគមនេះ ត្រូវបានចាត់ទុកជាដៃគូសហប្រតិបត្តិការដ៏មានសក្តានុពល សម្រាប់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការភ្ជាប់បណ្តាញធុរកិច្ច និងការជំរុញការវិនិយោគរបស់វិនិយោគិនកូរ៉េនៅកម្ពុជា៕
































