ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា

(សៀមិន)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម និងឡើងថ្លែងសុន្ទរកថាគន្លឹះក្នុង សន្និសីទអនាគតនៃការវិនិយោគ ឆ្នាំ២០២៦ ប្រព្រឹត្តទៅក្រោមប្រធានបទ «ការវិនិយោគសកលសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ» ក្នុងទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសុន្ទរកថាគន្លឹះប្រកបដោយចក្ខុវិស័យមុតស្រួចលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវទស្សនទានយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ អំពីការប្រែប្រួលនៃបរិបទវិនិយោគសកល និងតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ក្នុងការបង្កើតកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបានគូសបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើនល្បឿននៃការអភិវឌ្ឍបៃតង។ ក្នុងបរិបទនេះការវិនិយោគមិនត្រឹមតែសំដៅលើការស្វែងរកផលចំណេញហិរញ្ញវត្ថុរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើវិធីសាស្ត្របង្កើតតម្លៃបន្ថែមរយៈពេលវែង ការពង្រឹងភាពធន់ ការភ្ជាប់ទំនាក់ទំនង និងការចែករំលែកវិបុលភាពរួមគ្នា។

កម្ពុជា គឺជាគំរូជាក់ស្តែងមួយដែលបានផ្លាស់ប្តូរមុខមាត់នាពេលពីរទសវត្សរ៍ចុងក្រោយនេះ ទៅជាសេដ្ឋកិច្ចបើកចំហ និងមានសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយអាស៊ាន ចិន និងទីផ្សារសកល។ ក្នុងដំណើរផ្លាស់ប្តូរដ៏មានអត្ថន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាគីចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបាន។ បច្ចុប្បន្នកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានរីកចម្រើនយ៉ាងទូលំទូលាយ និងលាតសន្ធឹងលើវិស័យសក្ដានុពលជាច្រើន ដូចជា៖ ឧស្សាហកម្មកែច្នៃ កសិកម្ម ថាមពល ទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានដើរតួជាម៉ាស៊ីនជំរុញបន្ថែម ក្នុងការបើកច្រកទីផ្សារកាន់តែទូលំទូលាយសម្រាប់ធុរជននៃប្រទេសទាំងពីរ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

ផ្អែកលើសុភាសិតចិន មួយឃ្លាពោលថា «ចង់មានបាន ត្រូវធ្វើផ្លូវជាមុន» លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលគាំទ្រដោយរដ្ឋាភិបាល និងវិនិយោគិនចិន មិនត្រឹមតែជាការកសាងសំណង់ផ្លូវ-ស្ពាន ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការភ្ជាប់កសិករទៅកាន់ទីផ្សារ ភ្ជាប់រោងចក្រទៅកាន់កំពង់ផែ និងភ្ជាប់ធុរកិច្ចទៅកាន់អតិថិជន ហើយការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ មិនគួរត្រូវបានវាយតម្លៃត្រឹមតែជាទ្រព្យសកម្មដែលបានកសាងឡើងនោះទេ ប៉ុន្តែត្រូវវាយតម្លៃលើកាលានុវត្តភាពសេដ្ឋកិច្ចដែលសមិទ្ធផលទាំងនោះបង្កើតបាន។ ចំពោះការអភិវឌ្ឍទាំងនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការគាំទ្រយ៉ាងសកម្ម ពីរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍កម្ពុជា ឱ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សប្រកបដោយមោទនភាព នាពេលពីរទសវត្សរ៍កន្លងមកនេះ។

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី បានបន្តលើកឡើងថា ក្រោមការដឹកនាំដ៏ស្វាហាប់របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្រវែងឆ្ងាយរបស់ខ្លួន គឺការប្រែក្លាយទៅជា «ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០» និងឈានទៅសម្រេចបានជា «ប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០»

ដើម្បីប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាសមិទ្ធផលជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រក្នុងការបន្តទាក់ទាញលំហូរវិនិយោគប្រកបដោយគុណភាព និងចីរភាព លើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់។ វិស័យទាំងនោះរួមមាន ឧស្សាហកម្មកែច្នៃកម្រិតខ្ពស់ បច្ចេកវិទ្យាឌីជីថល ថាមពលស្អាត ការកែច្នៃកសិផល និងប្រព័ន្ធភស្តុភារកម្មទំនើប។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីចិនឱ្យកាន់តែស៊ីជម្រៅថែមទៀត និងបានបញ្ជាក់បន្ថែមថា ក្នុងទស្សនវិស័យវែងឆ្ងាយទៅអនាគត រាជរដ្ឋាភិបាលមានបំណងប្រាថ្នាចង់ឃើញកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងចិន ត្រូវបានលើកកម្ពស់រឹតតែខ្ពស់ជាងមុន ដោយផ្តោតលើការនាំចូលបច្ចេកវិទ្យាទំនើបៗ ការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកឱ្យបានរឹងមាំ ការបង្កើនការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការបង្កើតកាលានុវត្តភាពឱ្យកាន់តែធំធេង និងសម្បូរបែបសម្រាប់ប្រជាជនកម្ពុជា។

ដោយផ្អែកលើសុភាសិតចិនមួយឃ្លាទៀតថា «ដើមឈើមួយដើមមិនអាចបង្កើតបានជាព្រៃ ហើយទ្រដែលមានតែមួយខ្សែមិនអាចដេញចេញជាបទភ្លេងបានឡើយ» ក្នុងន័យនេះលោកឧបនាយករដ្ឋមន្ត្រី មានបំណងផ្ញើសារយ៉ាងច្បាស់ថា ក្នុងពិភពលោកមួយដែលពោលពេញដោយភាពមិនប្រាកដប្រជា កម្ពុជាជឿជាក់យ៉ាងមុតមាំថា អនាគតនៃការវិនិយោគសកលត្រូវតែផ្អែកលើការបើកចំហ ជំនួសឱ្យការបំបែកបំបាក់, ការភ្ជាប់ទំនាក់ទំនងត្រូវតែអនុវត្ត ជំនួសឱ្យការរស់នៅដោយឯកឯង, ហើយកិច្ចសហប្រតិបត្តិការដោយសន្តិវិធីគឺត្រូវតែជ្រើសយកមកប្រើប្រាស់ ជំនួសឱ្យការប្រឈមមុខដាក់គ្នា ទាំងនេះគឺដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមសម្រាប់គ្រប់ជាតិសាសន៍ទាំងអស់ក្នុងសកលលោក៕