(Reuters)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ថាអ៊ុយក្រែនមានចេតនាបំផ្លាញកិច្ចចរចាស្វែងរកដំណោះស្រាយ ដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំកន្លះមកនេះ និងបានចោទទីក្រុងកៀវថាកំពុងជ្រៀតជ្រែកការបោះឆ្នោតសភារបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការអត្ថាធិប្បាយមួយទៅកាន់គណៈកម្មការឧស្សាហកម្មយោធារុស្ស៉ី លោក ពូទីន ក៏បានគូសបញ្ជាក់ឡើងវិញផងដែរពីការប្ដេជ្ញាចិត្តបន្តអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរត្រីមុខ ព្រមទាំងសមត្ថភាពប្រឆាំងមីស៊ីល។ សមត្ថភាពអាវុធនុយក្លេអ៊ែរត្រីមុខ ឬ Nuclear Triad ជាសមត្ថភាពនៃការបញ្ជូនគ្រាប់នុយក្លេអ៊ែរ ដើម្បីសំដៅវាយប្រហារចូលគោលដៅចេញពី៣សណ្ឋាន គឺតាមផ្លូវអាកាស តាមផ្លូវទឹក និងលើគោក។
បន្ថែមពីលើនេះ លោក ពូទីន ថែមទាំងបានសង្កត់ធ្ងន់ទៀតផងថាអ៊ុយក្រែនបានក្លាយជាប្រទេសមួយមានរបបដឹកនាំផ្ដាច់ការ ដោយសំអាងថាអ៊ុយក្រែនមិនទាន់បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនោះទេ បើទោះជាអាណត្តិជាប្រធានាធិបតីរបស់លោក ហ្សេលេនស្គី បានផុតសុពលភាពទៅហើយក៏ដោយ។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី និងក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថាពួកគេមិនអាចរៀបចំការបោះឆ្នោតបានឡើយ ក្នុងគ្រាដែលអ៊ុយក្រែនកំពុងស្ថិតភាពអាសន្នទូទាំងប្រទេស ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីរុស្ស៉ីលើកទ័ពលុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ រុស្ស៉ីបានរៀបចំការបោះឆ្នោតសភាមានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃសុក្រ ដោយលោក ពូទីនបានព្រលយថាការបោះឆ្នោតនេះនឹងបង្ហាញថាប្រជាជនរុស្ស៉ីរាប់លាននាក់គាំទ្រដល់សង្រ្គាមរបស់លោកនៅអ៊ុយក្រែន៕




























