(កូប៉ិនហាក)៖ ប្រទេសដាណឺម៉ាក កោះហ្គ្រីនឡែន និងសហរដ្ឋអាមេរិក គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរួមគ្នានៅថ្ងៃអង្គារនេះ ដែលដាណឺម៉ាកបានបញ្ជាក់ថា នឹងដាក់សន្តិសុខតំបន់អាក់ទិកឱ្យស្ថិតក្រោមការការពាររបស់អង្គការណាតូ (NATO) ជាជាងទុកឱ្យទីក្រុងវ៉ាស៊ីនតោន និងកូប៉ិនហាក ទទួលខុសត្រូវតែពីរនាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខានៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកិច្ចព្រមព្រៀងនេះផ្តល់ឱ្យអាមេរិកនូវ «ការគ្រប់គ្រងជាអចិន្ត្រៃយ៍» ក៏ដោយ ប៉ុន្តែដាណឺម៉ាក និងកោះហ្គ្រីនឡែន បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍ និងគោរពអធិបតេយ្យភាពរបស់កោះនេះយ៉ាងពេញលេញ។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានបញ្ជាក់ថា ទំនួលខុសត្រូវចំពោះសន្តិសុខនៅតំបន់ប៉ូលមួយនេះ នឹងត្រូវប្រគល់ទៅឱ្យអង្គការណាតូជាអ្នកមើលការខុសត្រូវ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីរងសម្ពាធការទូតជាច្រើនខែពីសំណាក់លោក ដូណាល់ ត្រាំ ដែលកន្លងមកធ្លាប់បានទាមទារចង់គ្រប់គ្រងកោះហ្គ្រីនឡែន និងមិនច្រានចោលការប្រើប្រាស់កម្លាំងកងទ័ព ឬទណ្ឌកម្មសេដ្ឋកិច្ច ខណៈដែលកោះយុទ្ធសាស្ត្រមួយនេះធ្លាប់មានកិច្ចព្រមព្រៀងការពារជាតិជាមួយអាមេរិកតាំងពីឆ្នាំ១៩៥១ មកម្ល៉េះ៕




























