(ញូវយ៉ក)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានគូសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការការពារសម្ព័ន្ធមិត្តសំខាន់ៗក្នុងតំបន់អាស៊ីដូចជាជប៉ុន និងកូរ៉េខាងត្បូង ខណៈប្រទេសទាំង៣ បានបង្ហាញការគាំទ្រដល់តៃវ៉ាន់ នៅមុនកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងសប្ដាហ៍នេះនៅវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមអ្នកវិភាគបាននិយាយថាសម្ព័ន្ធមិត្តជាច្រើនរបស់សហរដ្ឋអាមេរិកកំពុងព្រួយបារម្ភថាលោក ត្រាំ អាចនឹងធ្វើសម្បទានឱ្យលោក ស៊ី ជីនពីង លើបញ្ហាមួយចំនួនដូចជាតៃវ៉ាន់ និងពាណិជ្ជកម្ម ជាថ្នូរទទួលបានជ័យជម្នះសេដ្ឋកិច្ចមួយជាមួយប៉េកាំង នៅពេលរូបលោកទទួលស្វាគមន៍លោក ស៊ី ជីនពីង នៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
តាមប្រភពការទូត នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ត្រូវបានរំពឹងថាអាចនឹងជួបលោក ដូណាល់ ត្រាំ នាឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ជាទីដែលមេដឹកនាំនៃប្រទេសទាំង៣ គ្រោងនឹងឡើងថ្លែងសុន្ទរកថានៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក)។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Hyun និងរដ្ឋមន្តី្រការបរទេសជប៉ុន លោក Toshimitsu Motegi ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ។
ក្នុងជំនួបនោះ ប្រមុខការទូតទាំង៣ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយទំនងជាចង់សំដៅដល់ចិន ជាមួយការប្ដេជ្ញាចិត្តឈររួមគ្នាយ៉ាងរឹងមាំប្រឆាំងនឹងការសម្លុតគំរាមសេដ្ឋកិច្ច និងគោលនយោបាយសេដ្ឋកិច្ចដែលបង្កការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។ ពួកគេក៏បានស្វាគមន៍ផងដែរការសម្ពោធយន្តការពិគ្រោះយោបល់ត្រីភាគីថ្មីមួយស្ដីពីសន្តិសុខសេដ្ឋកិច្ច ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការស្ដីពីបច្ចេកវិទ្យាសំខាន់ៗ។ បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍រួមដដែល សហរដ្ឋអាមេរិកបានគូសបញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តរឹងដូចដែកថែបចំពោះការការពារជប៉ុន និងកូរ៉េខាងត្បូង នៅក្រោមឆត្រនុយក្លេអ៊ែរ និងសមត្ថភាពយោធាគ្មានគូប្រៀបរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍រួម រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៣ បានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ព្រមទាំងសារៈសំខាន់នៃការថែរក្សា សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបង្ហាញការគាំទ្រចំពោះការចូលរួមប្រកបដោយអត្ថន័យរបស់តៃវ៉ាន់នៅក្នុងស្ថាប័នអន្តរជាត។ ដោយឡែក ពាក់ព័ន្ធនឹងកូរ៉េខាងជើង រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៣ បានបញ្ជាក់ឡើងវិញការពីការប្ដេជ្ញាចិត្តដាច់ខាតលើការរំសាយអាវុធនុយក្លេអ៊ែទាំងស្រុងរបស់កូរ៉េខាងជើង និងអំពាវនាវឱ្យមានការបើកកិច្ចសន្ទនាឡើងវិញ៕




























