(UN)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនថាបាន និងកំពុងប្រើប្រាស់ទាហានស៊ីឈ្នួលមកពីប្រទេសចំនួន ៤៧ នៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ហ្សេលេនស្គីធ្វើការកត់សម្គាល់បែបនេះអំឡុងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ តាមលោក ហ្សេលេនស្គី រុស្ស៉ីកំពុងប្រើប្រាស់ទាហានស៊ីឈ្នួលមកពី៤៧ ក្នុងនោះរួមមានមកពីហ្កាណា នេប៉ាល់ និងឥណ្ឌា។ ជាមួយការគូសបញ្ជាក់ពីការកើនឡើងទំនាក់ទំនងការពារជាតិរបស់រុស្ស៉ីជាមួយ កូរ៉េខាងជើង លោក ហ្សេលេនស្គីក៏បានឱ្យដឹងដែរថាទាហានកូរ៉េខាងជើង២នាក់ដែលត្រូវបានបញ្ជូនឱ្យទៅប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន ត្រូវបានចាប់ខ្លួន ហើយទីក្រុងកៀវបានបញ្ជូន ពួកគេទៅឱ្យកូរ៉េខាងត្បូង។
នៅក្នុងសន្ទរកថាទៅកាន់មហាសន្និបាត UN លោក ហ្សេលេនស្គី ថែមទាំងបានព្រមានទៀតផងថានៅរដូវរងាខាងមុខនេះ កងកម្លាំងអ៊ុយក្រែនអាចនឹងបើកការវាយប្រហារលើរោងចក្រ ថាមពល និងកម្ដៅរបស់រុស្ស៉ី។
គួរបញ្ជាក់ថា ការព្រមានរបស់លោក ហ្សេលេនស្គី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហើបថាទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងជំរុញឱ្យរុស្ស៉ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារដាក់គ្នាទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធថាមពល៕




























