លោក ដូណាល់ ត្រាំ សួរលោក ស៊ី ជីនពីង ថាតើចិនចាប់អារម្មណ៍ចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ?

(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក David Perdue បានឱ្យដឹងថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងពីគំនិតលក់អាវុធទៅឱ្យចិន អំឡុងជំនួបជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នៅឯសេតវិមានកាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

ការកត់សម្គាល់បែបនេះរបស់លោក David Perdue ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក Fox News កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ លោក Perdue បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បានបន្តនិយាយថាយើងលក់អាវុធទៅឱ្យបណ្ដាប្រទេសដទៃនៅជុំវិញពិភពលោក។ លោកពិតជាបានសួរលោកប្រធានាធិបតី ស៊ី (ជីនពីង) ថាតើចាប់អារម្មណ៍ចង់ទិញអាវុធមួយចំនួនពីសហរដ្ឋអាមេរិកដែរឬទេ»? ការលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក David Perdue កើតមានឡើងអំឡុងបទសម្ភាសន៍ស្ដីពីគោលនយោបាយ របស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងតៃវ៉ាន់ ដែលកំពុងទន្ទឹងរង់ចាំជាច្រើនខែមកហើយ ដើម្បីឱ្យលោក ត្រាំ អនុម័តការលក់កញ្ចប់អាវុធថ្មីមានតម្លៃ ១៤ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់លោក ត្រាំ ចំពោះតៃវ៉ាន់កំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យ ជាពិសេសនៅបន្ទាប់ពីរូបលោកបានជួបលោក ស៊ី ជីនពីង នាឱកាសបំពេញទស្សនកិច្ចទៅកាន់ ប្រទេសចិនកាលពីខែឧសភាកន្លងទៅ។ ក្នុងជំនួបនៅឯប៉េកាំងនៅពេលនោះ លោក ត្រាំ បាននិយាយដោយឥតលាក់លៀមថារូបលោកបានសម្រេចចិត្តផ្អាកការអនុម័តការលក់អាវុធមានតម្លៃ ១៤ពាន់លានដុល្លារឱ្យតៃវ៉ាន់ ដោយលោកចាត់ទុកថានេះគឺជាលក្ខខណ្ឌដ៏ល្អមួយដើម្បីចរចាជាមួយចិន៕