មេដឹកនាំកោះតៃវ៉ាន់ ជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចប្រឹងប្រែងអភិវឌ្ឍដ្រូន ព្រោះវាសំខាន់ជាខ្លាំងក្នុងសង្រ្គាមសម័យទំនើប

(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ថា តៃវ៉ាន់ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូប្រជាធិបតេយ្យ ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍដ្រូន ដែលមានសារសំខាន់ជាខ្លាំង សម្រាប់ការប្រយុទ្ធក្នុងសង្គ្រាមសម័យទំនើប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋាភិបាលតៃវ៉ាន់ បានតម្កល់ការធ្វើទំនើបកម្មវិស័យការពារជាតិ និងការបង្កើនការចំណាយលើវិស័យនេះ ជាគោលនយោបាយស្នូល ចំពោះមុខការបង្កើនសម្ពាធយោធាកាន់តែខ្លាំងឡើង ពីសំណាក់ប្រទេសចិន ដែលចាត់ទុកដែនកោះ ដែលមានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

ថ្លែងនៅទីក្រុង Chiayi ភាគខាងត្បូងតៃវ៉ាន់ ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍដ្រូនថ្មីមួយ លោក Lai បាននិយាយថា សារសំខាន់របស់ទីតាំងនេះ គឺកាន់តែខ្លាំងឡើង ដោយសារការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិ។ លោក Lai បាននិយាយដូច្នេះថា «ចាប់ពីសមរភូមិនៅអ៊ុយក្រែន រហូតដល់សន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រព័ន្ធដ្រូនបានក្លាយជា កម្លាំងប្រយុទ្ធដ៏សំខាន់មួយ ក្នុងវិស័យការពារជាតិសម័យទំនើប»។ លោកបានបន្ថែមថា «ក្នុងពេលជាមួយគ្នា យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ បណ្តាដៃគូប្រជាធិបតេយ្យ និងរួមគ្នាកសាងខ្សែច្រវាក់ផ្គត់ផ្គង់យន្តហោះដ្រូន ដែលមានសុវត្ថិភាព និងមានភាពធន់កាន់តែខ្លាំង ដើម្បីផ្តល់ការគាំទ្រដ៏រឹងមាំដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

គួរបញ្ជាក់ថា នៅក្នុងខែកញ្ញានេះ គណៈរដ្ឋមន្ត្រីតៃវ៉ាន់បានស្នើឱ្យមានការបង្កើន ការចំណាយលើវិស័យការពារជាតិចំនួន ១៤៥,៧ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើ៤,៥៩ពាន់លានដុល្លារអាមេរិក បន្ថែមទៀតក្នុងឆ្នាំនេះ សម្រាប់ប្រព័ន្ធផ្សេងៗ រួមទាំងដ្រូននិងមីស៊ីលប្រឆាំងមីស៊ីលបាលិស្ទីគ។ ផែនការចំណាយនេះ រួមមានទាំងយន្តហោះដ្រូនសម្រាប់ឃ្លាំមើល និងស៊ើបការណ៍តាមតំបន់ឆ្នេរជាង ៦០០គ្រឿង ដ្រូនវាយប្រហារតំបន់ឆ្នេរជាង ៤០ ០០០គ្រឿង និងទូកដ្រូនសម្រាប់វាយប្រហារអត្តឃាត ដំណាក់កាលដំបូង ជាង១០០គ្រឿង៕