(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានច្រានចោលថារូបលោកមិនបានសាកសួរប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាតើរូបលោកចង់ទិញអាវុធពីសហរដ្ឋអាមេរិកនោះឡើយ ដែលនេះផ្ទុយពីការអះអាងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនដែលថាលោក ត្រាំ បានលើកឡើងគំនិតលក់អាវុធទៅឱ្យចិន អំឡុងជំនួបជាមួយមេដឹកនាំចិនកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឯកអគ្គរដ្ឋទូតអាមេរិក លោក David Perdue បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះលោក ត្រាំ បានសួរលោក ស៊ី ជីនពីង ថាតើចិនចាប់អារម្មណ៍ចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ? ប៉ុន្តែនៅពេលត្រូវបានសាកសួរពីការលើកឡើងរបស់លោក Perdue លោក ត្រាំបានឆ្លើយថារូបលោកមិនបានដឹងពីរឿងនេះទេ ហើយថានឹងសាកសួរលោក Perdue។ «ពួកគេ (ចិន) ប្រហែលជាចង់ទិញអាវុធពីសហរដ្ឋអាមេរិក ពីព្រោះយើងផលិតបានសុទ្ធតែអាវុធទំនើបៗជាងពួកគេ។ ដូច្នេះវាអាចជាគំនិតល្អមួយ ប៉ុន្តែយើងមិនបានជជែកគ្នាពីរឿងនេះនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន។
គួរបញ្ជាក់ថា បើតាមលោក Perdue លោក ត្រាំ បានសាកសួរលោក ស៊ី ជីនពីងថាតើចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំចិនទៅកាន់ សេតវិមានកាលពីសប្ដាហ៍មុន ជាការឆ្លើយតបទៅនឹងកង្វល់ពាក់ព័ន្ធនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់។ មន្ត្រីអាមេរិកម្នាក់បានប្រាប់ AFP ថារដ្ឋាភិបាលអាមេរិកមិនមាន ផែនការលក់អាវុធឱ្យចិននោះឡើយ៕




























