តៃវ៉ាន់ថាខ្លួនកំពុងស្ថិតក្នុងការបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការលក់អាវុធ

(តៃប៉ិ)៖ តៃវ៉ាន់កំពុងបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការលក់អាវុធ ហើយបានទទួលការធានានៅបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុនថាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់មិនមានការប្រែប្រួលឡើយ។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រការទូត និងអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់តៃវ៉ាន់ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បើទោះជាវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃប៉ិក៏ដោយ។ ចិនបានអំពាវនាវឱ្យម្ដងហើយម្ដងទៀតឱ្យសហរដ្ឋអាមេរិកបញ្ឈប់ និងលុបចោលគម្រោងលក់អាវុធឱ្យតៃវ៉ាន់ ហើយកាលពីខែឧសភាកន្លងទៅ នៅបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថារូបលោកបានសម្រេចចិត្តផ្អាកការអនុម័តការលក់កញ្ចប់អាវុធថ្មីទំហំ ១៤ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ជាបណ្ដោះអាសន្ន។

តែទោះជាបែបនេះក្ដី ក្រោយជំនួបជាមួយលោក ស៊ី ជីនពីង ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន លោក ត្រាំ បាននិយាយថាមានតែមេដឹកនាំចិនប៉ុណ្ណោះដែលយល់ច្បាស់ពីគោលជំហររបស់លោកចំពោះតៃវ៉ាន់។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅរដ្ឋសភាក្នុងទីក្រុងតៃប៉ិ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានឱ្យដឹងថាបន្ទាប់ពីកិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលទីក្រុងតៃប៉ិទទូលបានការពន្យល់ម្ដងហើយម្ដងទៀតពីភាគីសហរដ្ឋអាមេរិក នោះគឺថាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការប្រែប្រួលឡើយ។ «ពាក់ព័ន្ធនឹងសំណុំរឿងលក់អាវុធ យើងក៏កំពុងស្ថិតនៅក្នុងការបន្តកិច្ចចរចាជាមួយភាគីអាមេរិក។ គ្រប់ករណីទាំងអស់តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមំា ហើយបើតាមខ្ញុំដឹង យើងមិនបានទទួលការជូនដំណឹងពីការផ្លាស់ប្ដូរណាមួយនោះទេ មកទល់នឹងពេលនេះ»។ នេះបើតាមលោក Wellington Koo។

គួរបញ្ជាក់ថា តៃវ៉ាន់បានបញ្ជាទិញអាវុធមួយចំនួនធំពីសហរដ្ឋអាមេរិក តែមានអាវុធខ្លះមិនទាន់ត្រូវបានប្រគល់នៅឡើយទេ ក្នុងនោះរួមមានដូចជាយន្ដហោះចម្បាំង F-16V ចំនួន ៦៦គ្រឿង ដែលតៃវ៉ាន់បានបញ្ជាទិញពីក្រុមហ៊ុនអាមេរិក Lockheed Martin កាលពីឆ្នាំ២០១៩។ F-16V ដែលតៃវ៉ាន់បានបញ្ជាទិញមានបំពាក់ទៅដោយអាវុធ និងប្រព័ន្ធរ៉ាដាទំនើបៗ ដើម្បីទប់ទល់នឹងយន្ដហោះចម្បាំងទំនើបរបស់ចិន ដូចជា J-20៕