(លូមុត)៖ អាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ បាននិរទេសពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១,៥០០ នាក់ រួមទាំងកុមារផងដែរ ឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ ដែលនេះជាដំណាក់កាលដំបូងនៃផែនការរួមគ្នាជាមួយមីយ៉ាន់ម៉ា ក្នុងការបញ្ជូនមនុស្សសរុបរហូតដល់ ៥,០០០ នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមទីភ្នាក់ងារព័ត៌មាន Bernama ក្នុងចំណោមអ្នកដែលត្រូវបញ្ជូនត្រឡប់ មានបុរស ១,៣៧០ នាក់ ស្ត្រី ៧៩ នាក់ ក្មេងប្រុស ២០ នាក់ និងក្មេងស្រី ៧ នាក់ ដែលមានអាយុចន្លោះពី ៨ ដល់ ៦០ ឆ្នាំ។ កាលពីព្រឹកថ្ងៃអង្គារ ក្បួនរថយន្តក្រុងជាច្រើនគ្រឿងបានដឹកអ្នកទាំងនោះទៅកាន់កំពង់ផែក្នុងរដ្ឋ Perak ដើម្បីឡើងនាវាចម្បាំង ២ គ្រឿង និងនាវាមន្ទីរពេទ្យ ១ គ្រឿងរបស់កងទ័ពជើងទឹកមីយ៉ាន់ម៉ា ដែលបានចូលចតរង់ចាំទទួល។
ថ្វីបើម៉ាឡេស៊ីអះអាងថា ការវិលត្រឡប់នេះធ្វើឡើងដោយស្ម័គ្រចិត្តក៏ដោយ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) និងក្រុមសិទ្ធិមនុស្សនានា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែមីយ៉ាន់ម៉ាកំពុងបន្តកើតមានសង្គ្រាមស៊ីវិល។
ក្រសួងមហាផ្ទៃម៉ាឡេស៊ីបានបញ្ជាក់ថា ដំណើរការមាតុភូមិនិវត្តន៍ក្នុងដំណាក់កាលបន្តបន្ទាប់ទៀត នឹងបន្តធ្វើឡើងផ្អែកលើការផ្ទៀងផ្ទាត់ឯកសារអត្តសញ្ញាណ ខណៈក្រសួងការបរទេសមីយ៉ាន់ម៉ាធ្លាប់បានអះអាងថា ខ្លួនកំពុងសហការជាមួយបណ្តាប្រទេសនានា ដើម្បីសម្រួលដល់ការវិលត្រឡប់របស់ជនភៀសខ្លួនប្រកបដោយសុវត្ថិភាព ៕




























