លោក ផាង វី នាំយកទេយ្យវត្ថុ និងបច្ច័យដ៏ថ្លៃថ្លារបស់ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា និងលោកជំទាវ វេរប្រគេនព្រះសង្ឃចំនួន៦វត្ត នាឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៨ ក្នុងឃុំទ្រា

(ខេត្តកំពង់ធំ) ៖ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា នាំយកទេយ្យទាននិងបច្ច័យរបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ចូលរួមកាន់បិណ្ឌវេនទី ៨ ជាមួយប្រជាពលរដ្ឋនិងពុទ្ធបរិស័ទក្នុងវត្តទាំង ៦ នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមវត្តទាំង ៦ ក្នុងមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី៨។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ លោក ផាង វី និងក្រុមការងារបានចូលក្រាបថ្វាយបង្គំ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដោយក្នុងមួយវត្តៗទទួលបាន ៖ ស្លាដក់១ អង្ករ១០០គីឡូក្រាម ត្រីខ២ យួរ មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២ យួរ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស និងបច្ច័យចំនួន១,៥០០,០០០រៀល។ អំណោយ និងបច្ច័យទាំងនេះ គឺជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់ក្នុងការវេរប្រគេនព្រះចៅអធិការវត្តទាំង៦ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាតាំងពីប្រាំពីរសន្ដាន ព្រមទាំងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។

ទន្ទឹមនឹងនេះលោក ផាង វី ក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៨៤អង្គ ដោយក្នុង១អង្គទទួលបាន២០,០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាដល់លោកអាចារ្យចំនួន ២៩នាក់ ក្នុង១នាក់២០,០០០រៀល លោកយាយ លោកតាដែលបានអញ្ជើញចូលរួមចំនួន៥៦០នាក់ ក្នុង១នាក់១០,០០០រៀល និងកន្សែងចំនួន៥០ភាគ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិក យុវជន និងប្រជាការពារ ចំនួន១២២នាក់ ក្នុង១នាក់ ២០,០០០ រៀល ឧបត្ថម្ភក្រុមភ្លេងខ្មែរចំនួន ២០០,០០០ រៀល ព្រមទាំងបានចែកថវិកា និងនំចំណីដល់កុមារាកុមារីផងដែរ។ បន្ថែមពីនេះ លោកក៏បានឧបត្ថម្ភអំពូលសូឡាចំនួន១០ឈុត ជូនដល់វត្តត្រែង (ហៅវត្តព្រះនាងរួសរាយ) ផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃកតញ្ញូកតវេទិតាធម៌ ការគោរពបុព្វបុរស និងសាមគ្គីភាពសង្គម។ ការបន្តប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជាព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យគង់វង្ស និងស្ថិតស្ថេរចីរកាល៕ អត្ថបទ រដ្ឋបាលស្រុកស្ទោង