លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដឹកនាំនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃក្នុងវេនបិណ្ឌទី៨ នៅវត្តពើងព្រះគោ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងលើកកម្ពស់គុណធម៌កតញ្ញូតាធម៌

ខេត្តព្រះវិហារ៖ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងវេនបិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងការនាំយកនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលជាអំណោយថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តពើងព្រះគោព្រះកែវមានរិទ្ធ (ហៅវត្តពើងព្រះគោ) ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ការអញ្ជើញចូលរួមកាន់បិណ្ឌនាឱកាសនេះ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចក្នុងនាមជាពុទ្ធសាសនិកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទឹកចិត្តជ្រះថ្លាក្នុងការទ្រទ្រង់ លើកស្ទួយ និងការពារវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យបានគង់វង្ស និងរីកចម្រើនតរៀងទៅ។

ក្នុងន័យអប់រំពុទ្ធសាសនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ថ្លៃថ្លាបំផុតមួយ ដែលបង្កប់នូវតម្លៃអប់រំផ្លូវចិត្ត និងគុណធម៌ដ៏ជ្រាលជ្រៅ ជាពិសេសគឺ «កតញ្ញូតាធម៌» ឬការដឹងគុណចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងវីរបុព្វបុរសស្នេហាជាតិ ទាំងឡាយណាដែលបានលះបង់ និងមានគុណូបការៈចំពោះយើង ហើយបានចែកឋានទៅកាន់លោកខាងមុខ។ ការធ្វើបុណ្យទាន ការសមាទានសីល និងការឧទ្ទិសកុសលផលបុណ្យនាពេលនេះ គឺជាស្ពានមេត្រីតភ្ជាប់រវាងអ្នករស់នៅ និងអ្នកដែលបានចែកឋានទៅ ឱ្យបានទទួលនូវផល្លានិសង្ស ដើរទៅកាន់សុគតិភព។

ទន្ទឹមនឹងនេះ ព្រះពុទ្ធសាសនាក៏បានបង្រៀនឱ្យសង្គមមនុស្សស្គាល់អំពីការចែករំលែក សាមគ្គីភាព និងការរស់នៅដោយសន្តិវិធី។ ការរួមគ្នាកាន់បិណ្ឌនៅតាមទីវត្តអារាម គឺជាកាលានុវត្តភាពដ៏ប្រពៃក្នុងការបង្កើតនូវពុទ្ធិ ផ្លូវចិត្តស្ងប់ស្ងាត់ ស្គាល់ខុសត្រូវ និងពង្រឹងកម្លាំងសាមគ្គីក្នុងសហគមន៍ ស្របតាមពុទ្ធឱវាទនៃព្រះបរមគ្រូដែលទ្រង់បានប្រដៅឱ្យមនុស្សលោកប្រព្រឹត្តតែអំពើល្អ និងលះបង់អំពើអាក្រក់ទាំងពួង។
ពិធីបុណ្យនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងជ្រះថ្លាក្រៃលែង។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធសាសនិកទាំងអស់ បានរួមគ្នាសុខសប្បាយ និងអនុមោទនាទទួលយកនូវកុសលផលបុណ្យរៀងៗខ្លួន ដើម្បីសិរីសួស្តី ជ័យមង្គល និងភាពសុខសាន្តក្នុងគ្រួសារ និងសង្គមជាតិទាំងមូល៕ដោយ សួន ពិសិត