(មជ្ឈិមបូព៌ា)៖ ទិន្នន័យរបស់ក្រុមហ៊ុនតាមដានការដឹកជញ្ជូនតាមផ្លូវសមុទ្រ Kpler បានបង្ហាញថា ការនាំចេញប្រេងពីមជ្ឈិមបូព៌ា ដោយមិនរាប់បញ្ចូលអ៉ីរ៉ង់ បានកើនលើសកម្រិតមុនសង្គ្រាម កាលពីសប្តាហ៍មុន បើទោះបីមានការវាយប្រហារលើកប៉ាល់នៅច្រកសមុទ្រ Hormuz ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នា២០២៦។

ជាលើកដំបូងបំផុត គិតចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការវាយប្រហារលើអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ ការដឹកជញ្ជូនប្រេងជាមធ្យមប្រចាំសប្តាហ៍ បានកើនឡើងប៉ុន្មានថ្ងៃ លើសកម្រិតមុនពេលមានជម្លោះ គឺ១៨លានបារ៉ែលក្នុងមួយថ្ងៃ។
Kpler បានឱ្យដឹងថា ការនាំចេញប្រេងឆៅបានត្រឡប់មកដល់កម្រិតមុនសង្គ្រាម កាលពីខែកញ្ញា ដោយមានប្រេងយ៉ាងហោច ១៦,៥លានបារ៉ែល ត្រូវបាននាំចេញពីតំបន់មជ្ឈិមបូព៌ា ដោយមិនរាប់បញ្ចូលអ៉ីរ៉ង់។ ក្រុមហ៊ុន Kpler បាននិយាយដូច្នេះថា «បច្ចុប្បន្ន ៤០ភាគរយនៃប្រេងដែលនាំចេញ គឺមិនបានប្រើប្រាស់ច្រក Hormuz ទេ ហើយប្រេងឆៅភាគច្រើន ដែលឆ្លងកាត់ច្រកសមុទ្រនេះ ត្រូវបានផ្ទេរទៅកប៉ាល់ដឹកប្រេងផ្សេងទៀត នៅលើផ្ទៃសមុទ្រ»។ ក្រុមហ៊ុនបានបន្ថែមថា ប្រេងភាគច្រើនត្រូវបានដឹកជញ្ជូនចេញ តាមបំពង់បង្ហូរប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។
តួលេខខាងលើ រាប់បញ្ចូលទាំងការដឹកជញ្ជូនតាមសមុទ្រក្រហម ជាទីដែលការដឹកជញ្ជូនបាននិងកំពុងកើនឡើង ចាប់តាំងពីអ៉ីរ៉ង់បិទខ្ទប់ ច្រកសមុទ្រ Hormuz ។ មុនពេលផ្ទុះជម្លោះ ប្រហែល២០ភាគរយនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក បានឆ្លងកាត់ច្រកសមុទ្រនោះ។ សព្វថ្ងៃ អ៉ីរ៉ង់នៅតែអះអាងថា ខ្លួនគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយកប៉ាល់ ដែលធ្វើដំណើរដោយគ្មានការអនុញ្ញាតពីអ៉ីរ៉ង់ ប្រឈមនឹងហានិភ័យរងការវាយប្រហារ។ ប៉ុន្តែចំនួនកប៉ាល់ដែលអាចឆ្លងកាត់ទីនោះបាន កាន់តែកំពុងកើនឡើង ហើយផ្លូវទឹកជំនួសច្រកសមុទ្រ Hormuz ក៏កំពុងតែត្រូវបានប្រើប្រាស់យ៉ាងពេញសមត្ថភាពផងដែរ។
គួរបញ្ជាក់ថា ទោះបីការនាំចេញប្រេងបានស្ទុះងើបឡើងវិញក៏ដោយ អ្នកជំនាញបានសង្កត់ធ្ងន់ថា ស្ថានការណ៍នៅតែស្ថិតឆ្ងាយ ពីភាពប្រក្រតីនៅឡើយ ហើយអ៉ីរ៉ង់នៅតែបាត់បង់ចំណែកដ៏ធំ នៃការនាំចេញប្រេងរបស់ខ្លួន ដោយសារការវិធានការបិទខ្ទប់របស់យោធាអាមេរិក ចំពោះកំពង់ផែនានារបស់អ៉ីរ៉ង់។ គិតត្រឹមថ្ងៃចន្ទនេះ តម្លៃប្រេងឆៅអន្តរជាតិ Brent បន្តស្ថិតនៅលើស ១០០ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង West Texas Intermediate លើស៩០ដុល្លារ៕




























