(សេអ៊ូល)៖ អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងត្បូងកំពុងត្រៀមចាត់វិធានការឆ្លើយតបដើម្បីបង្ខំឱ្យកូរ៉េខាងជើងសូមទោស ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីន នៅឯតំបន់ព្រំដែនគ្មានយោធា DMZ ដែលបង្កឱ្យទាហានកូរ៉េខាងត្បូង ២នាក់រងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី Chung Bin-na កូរ៉េខាងត្បូងក៏បានអំពាវនាវផងដែរឱ្យទីក្រុងព្យុងយ៉ាងត្រឡប់ទៅរកតុចរចាដើម្បីពិភាក្សាគ្នាលើភាពលម្អៀងនៃខ្សែបន្ទាត់ព្រំដែនយោធា (MDL) ដែលខណ្ឌចែងតំបន់ព្រំដែនគ្មានយោធា (DMZ)។ លោកស្រី Chung មិនបានបញ្ជាក់ឱ្យច្បាស់ថាតើកូរ៉េខាងត្បូងនឹងចាត់វិធានការអ្វីនោះទេ ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ DMZ កាលពីខែកញ្ញា ដោយបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួសក្នុងនោះមាន២នាក់របួសធ្ងន់។
ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតរួមគ្នាជាមួយទីបញ្ជាការរបស់អង្គការសហប្រជាជាតិ កូរ៉េខាងត្បូងបានសន្និដ្ឋានថាគ្រាប់មីនដែលផ្ទុះនោះគឺជារបស់កូរ៉េខាងជើង។ តាមលោកស្រី Chung កូរ៉េខាងជើងត្រូវតែដកគ្រាប់មីនដែលខ្លួនដាំនៅក្នុងតំបន់ DMZ នៃប៉ែកខាងត្បូងតំបន់ MDL។ តែយ៉ាងណា លោកស្រីបាននិយាយថាវាពិតមានការខ្វែងគំនិតគ្នាលើការកំណត់ខ្សែបន្ទាត់ព្រំដែនជាក់លាក់ខណ្ឌចែកតំបន់ឧបទ្វីបកូរ៉េដែលទទួលស្គាល់ដោយកូរ៉េទាំង២។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានច្រានចោលនូវអ្វីដែលខ្លួនហៅថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីកូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីន ហើយក៏បានទាត់ចោលការទាមទាររបស់សេអ៊ូល ឱ្យព្យុងយ៉ាងសូមទោសផងដែរ៕




























