
(ខេត្តកំពង់ធំ) ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជំរុញដល់មន្ត្រីរាជការប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវប្រើប្រាស់របបបេឡាជាតិរបបសន្តិសុខសង្គមឱ្យអស់ពីលទ្ធភាព និងគ្រប់ៗគ្នា
លោកបានធ្វើការជំរុញនេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក កម្មវិធីផ្សព្វផ្សាយស្ដីពី «ការអនុវត្តរបបបេឡាជាតិរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលដែលស្ថិតនៅក្នុងវិស័យថាធារណៈ» នៅសាលាស្រុកស្ទោង នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៦។
លោកសង្កត់ធ្ងន់ថា របបបេឡាជាតិសន្តិសុខសង្គម គឺជាគ្រឹះយ៉ាងសំខាន់នៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព ទាំងមន្ត្រីរាជការកម្មករនិយោជិតនិងបុគ្គលស្វែងយល់ជាដើម ព្រោះជាគោលនយោបាយអាទិភាព និងជាយន្តការស្នូលក្នុងការលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រ និងធានាសុវត្ថិភាពប្រាក់ចំណូលជូនកម្មករ និយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

ជាមួយគ្នានេះ ការប្រើប្រាស់សិទ្ធិនិងសេវាប.ស.ស. ឱ្យអស់លទ្ធភាព របស់សមាជិកទាំងអស់ ព្រមទាំងសហព័ទ្ធ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗ (ដូចជា របបថែទាំសុខភាព របបហានិភ័យការងារ និងរបបប្រាក់សោធន) ដើម្បីទទួល បានការគាំពារពេញលេញ និងទាន់ពេលវេលា។
មួយវិញទៀតសសមាជិក ប ស ស ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានជាក់លាក់ ទាំងនិយោជក និងនិយោជិត ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន និងស្ថានភាពការងារឱ្យបានត្រឹមត្រូវជាប្រចាំ ដើម្បីចៀសវាងការខកខាន ឬរំខានដល់ការទទួលបានប្រាក់។

ឆ្លៀតក្នុងឱកាសនោះដែរលោក សាយ គឹមឡម បានជំរុញបន្ថែមទៀតដល់គ្រប់អាជ្ញាធរភូមិ ឃុំ និងការិយាល័យអង្គភាពពាក់ព័ន្ធត្រូវ ធ្វើការផ្សព្វផ្សាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានាស្តីពី កាតព្វកិច្ចយោធា ឱ្យបានជ្រូតជ្រាបទូលំទូលាយ ហើយលើកទឹកចិត្តដល់យុវជនដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់២៥ឆ្នាំ ត្រូវទៅទទួលនិងដាក់ពាក្យចូលបម្រើកាតព្វកិច្ចយោធា ដែលជាការរួមចំណែកពង្រឹងសន្តិសុខជាតិ និងស្មារតីស្នេហាជាតិរបស់ពលរដ្ឋ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង










































