
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោក Sheikh Dr. Awad Sabti Al-Anazi អនុរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានសន្តិភាព។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងឱកាស អញ្ជើញមកចូលរួមក្នុង «សន្និសីទអាស៊ានលើកទី៤» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាល សហគមន៍ឥស្លាម និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ព្រះចៅ សាល់ម៉ាន ព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត, ព្រះអង្គម្ចាស់ មូហាំម៉ាត់ ប៊ិន សាល់ម៉ាន ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រី ក៏ដូចជា លោកបណ្ឌិត អាប់ឌុលឡាទីហ្វ រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា ដែលតែងតែផ្តល់ជំនួយមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ដល់កម្ពុជា ជាពិសេសសហគមន៍ឥស្លាម នាពេលកន្លងមក។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រសួងកិច្ចការសាសនាអារ៉ាប៊ីសាអូឌីត ដែលបានសម្រេចជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ធ្វើជាទីតាំងរៀបចំសន្និសីទអាស៊ានលើកទី៤ ដ៏មានសារៈសំខាន់នេះ។ លោកបានគូសបញ្ជាក់ថា ការរៀបចំសន្និសីទនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រជាជនកម្ពុជា បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃ នៃការធ្វើកិច្ចការរួមគ្នាដោយនិយមកណ្តាល ព្រមទាំងឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសន្តិភាព និងការរួមរស់ជាមួយគ្នាដោយសុខដុមរមនា។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផល និងជំនួយមនុស្សធម៌ជាច្រើនដែលកម្ពុជាទទួលបានពីអារ៉ាប៊ីសាអូឌីត រួមមាន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា, ការសម្រួលដល់ការទៅធ្វើបុណ្យហាជ្ជី និងអ៊ុំរ៉ោះ, ការផ្តល់គម្ពីរអាល់គួរអាន, ដំណាប់ល្មើ និងជំនួយអំណោយកញ្ចប់អាហារ តាមរយៈមូលនិធិស្ដេចសាល់ម៉ាន ជូនដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។

ជាការឆ្លើយតប លោក Sheikh Dr. Awad Sabti Al-Anazi អនុរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា អារ៉ាប៊ីសាអូឌីត បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងកិច្ចសហការយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ភាគីកម្ពុជា ក្នុងការសម្របសម្រួលរៀបចំ «សន្និសីទអាស៊ានលើកទី៤» នេះឡើងឱ្យដំណើរការទៅយ៉ាងរលូន។ លោកបានសម្តែងនូវក្តីរីករាយ និងជឿជាក់យ៉ាងមុតមាំថា សន្និសីទថ្នាក់តំបន់នេះ នឹងនាំមកនូវលទ្ធផល និងផ្លែផ្កាជាវិជ្ជមានយ៉ាងច្រើនសម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជាទាំងមូល។
បន្ថែមពីនេះ លោកអនុរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់សិទ្ធិសេរីភាពពេញលេញ និងបង្កើតឱ្យមានសុខដុមរមនីយកម្មជាតិសាសន៍ និងសាសនាយ៉ាងល្អប្រសើរ ដែលជាគំរូនៅក្នុងតំបន់។

លោកបានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ និងព្រះរាជទាយាទ តែងតែចាត់ទុកការជួយជ្រោមជ្រែងដល់សហគមន៍ឥស្លាម និងប្រជាជនរងគ្រោះនៅលើពិភពលោកជាកាតព្វកិច្ចចម្បង ហើយអារ៉ាប៊ីសាអូឌីត នឹងបន្តធ្វើការងារមនុស្សធម៌ និងការងារអភិវឌ្ឍជាមួយកម្ពុជា។
ជំនួបនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា ដោយភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនជាបន្តទៀត៕





























