លោក ហ្សេលេនស្គី អះអាងថាមនុស្សយ៉ាងហោច ២៨នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៉ី

​(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៉ីកាលពីថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ បានសម្លាប់មនុស្សយ៉ាងហោច ២៨នាក់ ក្នុងនោះរួមមានទាំងកុមារ ព្រមទាំងបង្កការខូចខាតដល់រោងចក្រឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើន។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលោក ហ្សេលេនស្គី មនុស្ស ១០០នាក់ក៏បានរងរបួសផងដែរនៅក្នុងការវាយប្រហាររបស់រុស្ស៉ីកាលពីថ្ងៃពុធ ចំថ្ងៃខួបកំណើតរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ «នេះជាប្រភេទអំណោយខួបកំណើតដែលលោក ពូទីនផ្ដល់ឱ្យខ្លួនឯង នោះគឺសម្លាប់កុមារ សម្លាប់ប្រជាជន»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីយប់ថ្ងៃពុធ។ លោក ហ្សេលេនស្គី បានឱ្យដឹងទៀតថាក្នុងការវាយប្រហារនោះ គិតជាសរុប រុស្ស៉ីបានបាញ់មីស៊ីល៧០គ្រាប់លើអ៊ុយក្រែន រួមទាំងដ្រូន Shahed រាប់សិបគ្រឿង។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ីបានអះអាងថាកងកម្លាំងរបស់ខ្លួនបានដឹកនាំការវាយប្រហារទ្រង់ទ្រាយធំមួយលើឧស្សាហកម្មយោធាក្នុងទីក្រុងកៀវ និងនៅក្នុងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន ដោយប្រើប្រាស់ប្រព័ន្ធអាវុធបាញ់ចេញពីដីគោក សមុទ្រ និងអាកាស ព្រមទាំងដ្រូន។ កងទ័ពអាកាសអ៊ុយក្រែនវិញក៏បាននិយាយដែរថាពួកគេបានបាញ់ទម្លាក់ ៨០ភាគរយនៃដ្រូនដំណើរការដោយម៉ាស៊ីនយន្ដហោះចំនួន៤៦គ្រឿងបាញ់ចេញដោយរុស្ស៉ី ខណៈកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះអ៊ុយក្រែនអាចបាញ់ទម្លាក់ដ្រូនប្រភេទនេះក្នុងអត្រាពី៥០ដល់៦០ភាគរយប៉ុណ្ណោះ៕