លោកស្រី គីម យ៉ូជុង ចាត់ទុកផែនការរបស់កូរ៉េខាងត្បូងបញ្ជូនជំនួយវេជ្ជសាស្ត្រ ជាល្បិចកលនយោបាយ

(សេអ៊ូល)៖ លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ថាការត្រៀមលក្ខណៈរបស់កូរ៉េខាងត្បូងដើម្បីផ្ដល់ជំនួយបរិក្ខារវេជ្ជសាស្ត្រទៅកាន់ទីក្រុងព្យុងយ៉ាង គឺជាល្បិចកលនយោបាយ និងបំពានលើអធិបតេយ្យរបស់កូរ៉េខាងជើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យ៉ូជុងបានកត់សម្គាល់ថាធម្មជាតិអរិភាពនៃទំនាក់ទំនងអន្តរកូរ៉េ និងអត្តសញ្ញារបស់កូរ៉េខាងត្បូងមិនអាចមានការប្រែប្រួលនោះទេ ហើយលោកស្រីក៏បានគូសបញ្ជាក់ឡើងវិញផងដែរថាកូរ៉េខាងជើងមើលមិនឃើញពីភាពចាំបាច់ត្រូវបើកកិច្ចសន្ទនា ឬកិច្ចចរចាជាមួយកូរ៉េខាងត្បូងឡើយ។ កន្លងមក កូរ៉េខាងជើងតែងតែបដិសេធជំនួយមនុស្សធម៌ពីកូរ៉េខាងត្បូង ដ្បិតព្យុងយ៉ាងយល់ថាវាជាល្បិចកលរបស់ទីក្រុងសេអ៊ូលដែលចង់ប្រកាសប្រាប់ពិភពលោកថាកូរ៉េខាងជើងជា ប្រទេសក្រីក្រ និងពឹងផ្អែកលើជំនួយពីកូរ៉េខាងត្បូង។

ប្រតិកម្មរបស់លោកស្រី គីម កើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីថ្ងៃពុធបានរាយការណ៍ថារដ្ឋាភិបាលរបស់លោកប្រធានាធិបតី លោក Lee ⁠Jae Myung មានផែនការបញ្ជូនបរិក្ខារវេជ្ជសាស្ត្រទៅកាន់ទីក្រុងព្យុងយ៉ាងនៅមុនចុងខែវិច្ឆិកាខាងមុខ នៅក្រោមការលើកលែងទណ្ឌកម្មមួយដែលផ្ដល់ដោយគណៈកម្មាធិការឃ្លាំមើលការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តាមទីភ្នាក់ងារសារព័ត៌មាន Yonhap រដ្ឋាភិបាលទីក្រុងសេអ៊ូលបានទទួលការអនុម័តយល់ព្រមីគណៈកម្មាធិការលេខ ១៧១៨ កាលពីថ្ងៃទី២២ ខែឧសភា សម្រាប់គម្រោងបញ្ជូនបរិក្ខារវេជ្ជសាស្ត្រទៅកាន់មន្ទីរពេទ្យ Kangdong County Hospital ក្នុងទីក្រុងព្យុងយ៉ាង។