អតីតមេដឹកនាំវ៉េណេស៊ុយអេឡា លោក Maduro អាចប្រឈមនឹងបទចោទថ្មីបន្ថែម ពាក់ព័ន្ធការធ្វើទារុណកម្មជនជាតិអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡាដែលត្រូវបានបណ្ដេញចេញពីអំណាច លោក Nicolas Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores ត្រូវបានរំពឹងថានឹងប្រឈមមុខជាមួយបទចោទប្រកាន់ព្រហ្មទណ្ឌថ្មីបន្ថែមទៀត នៅក្នុងសហរដ្ឋអាមេរិកជុំវិញការចោទប្រកាន់ថាពលរដ្ឋអាមេរិកដែលត្រូវបានឃុំខ្លួនក្នុងប្រទេសវ៉េណេស៊ុយអេឡាទទួលរងការធ្វើទារុណកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីអាមេរិកបានប្រាប់ Reuters កាលពីថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ថាការចោទប្រកាន់ថ្មីខាងលើអាចនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក Maduro ដែលបានដឹកនាំវ៉េណេស៊ុយអេឡាអស់រយៈពេល ១៣ឆ្នាំ និងលោកស្រី Flores ត្រូវបានយោធាអាមេរិកចាប់ខ្លួនចេញពីផ្ទះរបស់លោកក្នុងទីក្រុងការ៉ាកាសកាលពីថ្ងៃទី៣ ខែមករា កន្លងទៅ និងត្រូវបាននាំខ្លួនទៅកាន់ទីក្រុងញូវយ៉កដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន។ មកទល់នឹងពេលនេះ លោក Maduro និងភរិយាបានអះអាងថាពួកគេ មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ខណៈអ្នកទាំង២គ្រោងនឹងត្រូវឡើងសវនាការនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៧។

គួរបញ្ជាក់ថា លទ្ធភាពដែលលោក Maduro និងភរិយាអាចរងការចោទប្រកាន់ពីបទធ្វើទារុណកម្មត្រូវបានរាយការណ៍មុនគេដោយសារព័ត៌មានអាមេរិក CNN។ ប៉ុន្តែសេចក្ដីលម្អិតពីបទចោទថ្មី ក្នុងនោះរួមមានអត្តសញ្ញាណរបស់ជនរងគ្រោះដែលត្រូវបានធ្វើទារុណកម្មនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយក្រុមមេធាវីរបស់លោក Maduro និងលោកស្រី Flores ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីទេ៕