
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន និងគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ផាន ផាន់នី អាយុ ៥៦ ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធនាពេលថ្មីៗកន្លងទៅនេះ ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដោយបានគូសបញ្ជាក់អំពីប្រវត្តិរបស់លោក អនុសេនីយ៍ឯក ផាន ផាន់នី ដែលធ្លាប់បានចូលបម្រើក្នុងជួរនគរបាល នៅឆ្នាំ១៩៨៨ នៅអង្គភាព ស្នងការនគរបាលខេត្តកំពង់ធំ មានតួនាទីជានាយរងផ្នែកអគ្គីភ័យ ហើយក្រោយមកត្រូវបានក្រសួងមហាផ្ទៃ បានដាក់ឱ្យចូលសោធននិវត្តន៍ នៅឆ្នាំ២០២១ ។ លោកមានភរិយាឈ្មោះ មុជ សុភា អាយុ ៥៣ ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ៥នាក់ រស់នៅភូមិពោធិបាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោក អនុសេនីយ៍ឯក ផាន ផាន់នី ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី មុជ សុភា ដែលត្រូវជាភរិយា និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ហើយនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ ។

លោកស្រី មុជ សុភា ជាភរិយានៃសពលោកអនុសេនីយ៍ឯក ផាន ផាន់នី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្ដម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត តាមរយៈឧត្ដមសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែគិតគូយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធរបស់យើងនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
































