
ខេត្តព្រះវិហារ៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអន្តរាគមន៍របស់រដ្ឋបាលស្រុកគូលែន បានចុះស្រាវជ្រាវ តាមដាន និងផ្សព្វផ្សាយការប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានរកឃើញវត្តមានហ្វូងដំរីព្រៃចំនួន ៦ក្បាល កំពុងធ្វើដំណើរក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។
យោងតាមរបាយការណ៍ពីស្ថាប័នមានសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយ លោក ប៉ែន ជឹង អភិបាលស្រុកគូលែន និង លោក លុក គឹមលាន អភិបាលរងស្រុក ដោយមានកិច្ចសហការជាមួយកងកម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន ២រូប មន្ត្រីបរិស្ថានចំនួន ៥រូប និងតំណាងប្រជាពលរដ្ឋចំនួន ៣រូប។

ក្រុមការងារបានចុះរុករកនិងតាមដានសកម្មភាពហ្វូងដំរីព្រៃនេះ ចាប់ពីចំណុចស្ពានតាកឹង រហូតដល់ចំណុចក្រសាំងជ្រុំ ដែលស្ថិតក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ រហូតបានជួបប្រទះផ្ទាល់នូវហ្វូងដំរីព្រៃចំនួន ៦ក្បាល (ក្នុងនោះមានកូនតូចចំនួន ១ក្បាល) នៅឯតំបន់ចំណុចក្រសាំងជ្រុំ។
តាមរយៈការកំណត់អត្តសញ្ញាណបឋម ក្រុមមន្ត្រីជំនាញបានបញ្ជាក់ថា ហ្វូងដំរីព្រៃទាំង ៦ក្បាលនេះ គឺជាក្រុមដំរីតែមួយ ដែលធ្លាប់បានចូលមករកស៊ីក្នុងស្រុកត្បែងមានជ័យ កាលពីខែកន្លងទៅនេះ។
ក្នុងអំឡុងពេលចុះប្រតិបត្តិការនោះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយ និងណែនាំជាបន្ទាន់ដល់បងប្អូនប្រជានេសាទ ព្រមទាំងប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែចម្ការនៅតាមតំបន់រស់នៅរបស់សត្វដំរី ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីទីតាំងដែលមានហានិភ័យដើម្បីសុវត្ថិភាព។

បច្ចុប្បន្ន ក្រុមការងារជំនាញនៅតែបន្តដាក់បណ្ដាញតាមដានយ៉ាងដិតដល់ជាប្រចាំ។ គិតត្រឹមម៉ោង ១៨:០០នាទីល្ងាចថ្ងៃដដែលនេះ ហ្វូងដំរីព្រៃទាំងនោះបានធ្វើដំណើរមកដល់តំបន់ ពាមអារាជ ហើយ ដោយមានទិសដៅចាកចេញពីទីតាំងក្រសាំងជ្រុំ តាមដងស្ទឹងខាងលើ ឆ្ពោះមកប្របស្ទឹងសែន និងបន្តដំណើរចុះមកក្រោមឆ្ពោះទៅទិសខាងកើត។
រដ្ឋបាលស្រុកគូលែន និងសមត្ថកិច្ចជំនាញ កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរផ្លូវរបស់ហ្វូងដំរីនេះ ដើម្បីធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅតាមដងផ្លូវដែលហ្វូងដំរីឆ្លងកាត់៕ ដោយ សួន ពិសិ

































