(PARK CITY, Kansas)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ បានប្រើប្រាស់អំពើហិង្សា និងភាពចលាចលក្នុងប្រទេសបារាំងជាសេណារីយ៉ូមួយប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យ នៅក្នុងកិច្ចប្រឹងប្រែងរបស់លោកដើម្បីការពារកៅអីព្រឹទ្ធសភានៃរដ្ឋ Kansas ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងនាឱកាសជួយឃោសនារកសំឡេងឆ្នោតឱ្យសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Roger Marshall ប្រចាំរដ្ឋ Kansas ជាទីដែលបេក្ខជនសាធារណរដ្ឋកំពុងការពារអាសនៈរបស់ខ្លួន នៅចំពោះមុខការខកចិត្តរបស់អ្នកបោះឆ្នោតជុំវិញសង្រ្គាមអ៉ីរ៉ង់ និងការកើនឡើងថ្លៃប្រេងឥន្ធនៈ។
«ខ្ញុំស្រឡាញ់អ្នក Kansas។ ប៉ុន្តែខ្ញុំនៅទីនេះដើម្បីបុរសម្នាក់មានឈ្មោះថា Roger Marshall»។ នេះជាការលើកឡើងរបស់លោក ត្រាំ ទៅកាន់ក្រុមអ្នកគាំទ្រ។ លោក ត្រាំ ក៏បានឆ្លៀតទាញភ្ជាប់បាតុកម្មតវ៉ាដ៏ចលាចលក្នុងប្រទេសបារាំងជាសេណារីយ៉ូមួយដែលអាចនឹងកើតឡើងក្នុងសហរដ្ឋអាមេរិកផងដែរ ប្រសិនបើគណបក្សសាធារណរដ្ឋមិនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ នៅខែវិច្ឆិកាខាងមុខទេនោះ។
គួរបញ្ជាក់ថា បារាំងនារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានពើបប្រទះនឹងភាពចលាចល និងអំពើហិង្សាអំឡុងបាតុកម្មតវ៉ាប្រឆាំងនឹងការកើនឡើងការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ និងការថយចុះសេវាសាធារណៈ។ បាតុកម្មតវ៉ានេះបានប្រែក្លាយទៅជាកុបកម្ម និងការលួចឆក់ប្លន់ពីសំណាក់ជនឆ្លៀតឱកាស៕




























