ខេត្តព្រះសីហនុរៀបចំពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តយ៉ាងអធិកអធមដល់សិស្សជ័យលាភីនិទ្ទេស (A)ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់

ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីសំណេះសំណាល និងអបអរសាទរយ៉ាងអធិកអធម ជូនចំពោះសិស្សានុសិស្សជ័យលាភីដែលទទួលបាននិទ្ទេស (A) នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ សីហា ២០២៦។ ពិធីដ៏មានសារៈសំខាន់នេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
១. លទ្ធផលនៃការប្រឡង និងសមិទ្ធផលវិស័យអប់រំក្នុងខេត្ត យោងតាមរបាយការណ៍ស្វាគមន៍ដែលអានដោយ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហាញថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កន្លងមកនេះ ខេត្តព្រះសីហនុមានបេក្ខជនមកប្រឡងសរុប ២.៣៨៩នាក់ (ស្រី ១.២៦១នាក់) ក្នុងនោះបេក្ខជនប្រឡងជាប់ជាស្ថាពរមានចំនួន ២.០៦៥នាក់ ស្មើនឹង ៨៦,៤៣% (ស្រី ១.១៤២នាក់)។
ចំពោះការបែងចែកកម្រិតនិទ្ទេសជ័យលាភីរួមមាន៖ និទ្ទេស A ២៦នាក់ (ស្រី ១៣នាក់)

និទ្ទេស B ១៤៨នាក់ (ស្រី ៨២នាក់)
និទ្ទេស C ៤១៤នាក់ (ស្រី ២៥២នាក់)
និទ្ទេស D ៧៤១នាក់ (ស្រី ៤១៦នាក់)
និទ្ទេស E ៧៣៦នាក់ (ស្រី ៣៧៩នាក់)
២. ការផ្ដល់អំណោយ និងការលើកទឹកចិត្តដល់សិស្សនិទ្ទេស A និងកងកម្លាំងប្រជាការពារ
ដើម្បីជាការតបស្នងចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស និងការលះបង់កម្លាំងកាយចិត្តរបស់កងកម្លាំងមូលដ្ឋាន ក្នុងពិធីសំណេះ សំណាលនោះ ឯកឧត្តម សាយ សំអាល់ និងលោកជំទាវ ព្រមទាំងសប្បុរសជន បានឧបត្ថម្ភម៉ូតូចំនួន ៩៥គ្រឿងជូនដល់៖សិស្សជ័យលាភីនិទ្ទេស A ចំនួន ២៦គ្រឿង កងកម្លាំងប្រជាការពារក្រុង-ស្រុកទាំង៦ និងឃុំ-សង្កាត់ទាំង២៩៖ ចំនួន ៦៩គ្រឿង ក្រុង-ស្រុកចំនួន ១១គ្រឿង និងឃុំ-សង្កាត់ទាំង២៩ ក្នុងមួយឃុំ-សង្កាត់ទទួលបាន ២គ្រឿង ស្មើនឹង ៥៨គ្រឿង ដើម្បីរួមចំណែកលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
៣. ការត្រៀមលក្ខណៈសម្បត្តិស្វាគមន៍ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ ជុំទី៤
ក្រៅពីការលើកកម្ពស់វិស័យអប់រំ រដ្ឋបាលខេត្តព្រះសីហនុបច្ចុប្បន្នកំពុងរះ និងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំ បុណ្យសមុទ្រ លើកទី១២ ជុំទី៤ ដែលនឹងប្រព្រឹត្តទៅនៅអំឡុងខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។
គម្រោងអភិវឌ្ឍន៍សំខាន់ៗនៅទីលានតេជភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជុំវិញខេត្តរួមមាន៖
ការពង្រីកទីលានតេជោ ចាក់ថ្មពង្រីកផ្ទៃដីចេញទៅសមុទ្រទំហំប្រមាណ ៣៤.៤២១ម៉ែត្រការ៉េ។
ផ្លូវថ្មើរជើង រៀបចំផ្លូវថ្មើរជើងប្រវែងប្រមាណ ១.៦៧៦ម៉ែត្រ ភ្ជាប់ពីសណ្ឋាគារឆ្នេរសុខា ឆ្ពោះទៅកាន់ឆ្នេរអូរឈើទាល។
សោភ័ណភាព និងសន្តិសុខសាធារណៈ៖រៀបចំបន្ទប់ទឹកទម្រង់សត្វសមុទ្រ រូបនាគបាញ់ទឹក ដាំដើមដូងលម្អ១៦១ដើម ព្រមទាំងបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវសរុប ៨០២គ្រាប់ (ស្មើនឹង ៦០០ទីតាំង) និងកាមេរ៉ាចាប់ល្បឿនរថយន្តចំនួន ២ទីតាំង។

យុទ្ធនាការបៃតង ជំរុញយុទ្ធនាការ ផ្ទះ១ខ្នង ដាំដើមឈើ១ដើម ដោយសម្រេចបានការដាំដើមឈើលម្អតាមដងផ្លូវសរុបចំនួន ១.០៨៣ដើម គិតត្រឹមខែតុលានេះ៕