រដ្ឋបាលស្រុកមណ្ឌលសីមា ចុះអន្តរាគមន៍បន្ទាន់រៀបចំផែនការប្រើប្រាស់គ្រឿងចក្រ កែលម្អបញ្ហាទឹកហូរលើផ្លូវជាតិលេខ ៤៨ និងជួសជុលចំណុចប្រឈមគ្រោះថ្នាក់

​ខេត្តកោះកុង៖ ក្រុមការងារថ្នាក់ស្រុកនៃរដ្ឋបាលស្រុកមណ្ឌលសីមា ដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានចុះពិនិត្យដោយផ្ទាល់នៅនឹងកន្លែង ដើម្បីរៀបចំផែនការអន្តរាគមន៍ដាក់គ្រឿងចក្រឈូសឆាយកែលម្អបញ្ហាទឹកហូរលិចលើកំណាត់ផ្លូវជាតិលេខ ៤៨ និងដោះស្រាយបញ្ហាប្រឈមសុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ។

​កិច្ចអន្តរាគមន៍នេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការអមដំណើរពីសំណាក់លោក ជួន ភារ៉េត អភិបាលរងស្រុក និងលោក អ៊ិន វិជ្ជា អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ។

​តាមរយៈការចុះពិនិត្យស្រាវជ្រាវជាក់ស្តែងនៅទីតាំងពីរផ្សេងគ្នា ក្រុមការងារបានកំណត់រកឃើញបញ្ហាសំខាន់ៗចំនួនពីរដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់៖ ១-​បញ្ហាទឹកហូរ និងដីល្បាប់ហូរច្រោះ៖ នៅចំណុចផ្លូវស្ពានយោល ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ការហូរច្រោះរបស់ទឹកភ្លៀងបាននាំយកដីមកកកស្ទះ ដែលធ្វើឱ្យចិញ្ចើមផ្លូវមានកម្ពស់ខ្ពស់ជាងទ្រូងផ្លូវ និងបណ្តាលឱ្យទឹកហូររំលងលើផ្ទៃផ្លូវជាតិលេខ ៤៨ រហូតហូរចូលដល់មុខផ្ទះរបស់ប្រជាពលរដ្ឋ បង្កើតជាការលំបាកដល់ការធ្វើដំណើរ និងប៉ះពាល់ដល់អនាម័យបរិស្ថានរស់នៅ។
២-​ជង្ហុកដីស្រុតបង្កហានិភ័យ៖ ក្រុមការងារក៏បានពិនិត្យឃើញមានជង្ហុកដីស្រុតមួយកន្លែង ដែលមានសភាពគ្រោះថ្នាក់ខ្លាំង ស្ថិតនៅចំកណ្តាលថ្នល់លើផ្លូវជាតិលេខ ៤៨ មុខផ្សារភូមិថ្មី ដែលទីតាំងនេះងាយបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដល់អ្នកដំណើរ និងប្រជាពលរដ្ឋមូលដ្ឋាន។​

​ជាការឆ្លើយតបចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ លោក ប៉ែន ប៊ុនឈួយ បានដាក់ចេញនូវវិធានការការងារជាក់ស្តែង ដោយគ្រោងនឹងបញ្ជូនគ្រឿងចក្រចុះមកអន្តរាគមន៍ឈូសឆាយកែលម្អប្រព័ន្ធរំដោះទឹក និងកម្រិតកម្ពស់ដីនៅចំណុចស្ពានយោល ដើម្បីកុំឱ្យទឹកហូរចូលលិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋតទៅទៀត។​ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកក៏បានកំណត់យកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលជាមួយស្ថាប័នជំនាញ ដើម្បីជួសជុលនិងលុបបំបាត់រណ្តៅដីស្រុតនៅមុខផ្សារភូមិថ្មីឱ្យបានឆាប់រហ័ស សំដៅធានានូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងការសម្រួលដល់ការធ្វើចរាចរណ៍របស់សាធារណជនប្រកបដោយភាពរលូន និងទំនុកចិត្តឡើងវិញ៕