ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង

(បាត់ដំបង)៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​នៅ​ក្នុងខេត្តបាត់ដំបង។

ទឹកភ្លៀងដែលធ្លាក់មកយ៉ាងខ្លាំងក្លាកាលពីខែកញ្ញាកន្លងទៅ បានបង្កការលិចលង់យ៉ាងខ្លាំង​នៅ​ខេត្តពាយព្យប្រទេសរួមមានបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។ ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ផលដំណាំ ជាពិសេស​ដំណាំស្រូវ ដែលជាដំណាំប្រចាំជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។

ផលប៉ះពាល់ ការខូចខាតផលដំណាំទាំងនេះ នាំមកនូវការខាតបង់ និងស្តាយស្រណោះ​យ៉ាងខ្លាំងសម្រាប់ប្រជាកសិករ។ ទុក្ខលំបាក ការខាតបង់ ការស្តាយស្រណោះរបស់ប្រជា​កសិករ ក៏ជាការខាតបង់ និងជាការសោកស្តាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដូចគ្នាដែរ។

រាល់ការលំបាក និងការរងគ្រោះរបស់ប្រជាកសិករ មិនត្រូវបានទុកឱ្យរំលងផុតដោយគ្មានការ​គិត​គូរដោះស្រាយពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ។ មរតកស្មារតីនៃការគិតគូរយកចិត្ត​ទុកដាក់ដោះស្រាយលើទុក្ខលំបាករបស់ប្រជាកសិករតាំងពីសម្តេចតេជោ ហ៊ុន សែន រហូត​មក​ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ស្មារតីនៃការគិតគូរលើទុក្ខលំបាករបស់ប្រជា​កសិ​ករនេះហើយ ដែលជំរុញឱ្យមានព្រឹត្តិការណ៍នៃជំនួបដ៏ធំរវាងសម្តេចនាយករដ្ឋមន្ត្រី និង​ប្រជាកសិករនាព្រឹកថ្ងៃនេះ ដើម្បីចែកពូជស្រូវ ចែកស្បៀង និងពូជបន្លែនានា។

របាយការណ៍របស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋ​ចំនួន ១៥.១៥៥គ្រួសារ ទទួលបានពូជស្រូវ និងពលរដ្ឋ ៣៤.៧៨១គ្រួសារ ទទួលបាន កញ្ចប់ស្បៀង និងពូជបន្លែ។

យោងតាមរបាយការណ៍បានបង្ហាញថា គ្រោះជំនន់ទឹកភ្លៀង ធ្វើឱ្យខេត្តបាត់ដំបង រងគ្រោះ​ប៉ះពាល់ ១៤ក្រុង ស្រុក ស្មើនឹង ៨៨ឃុំ សង្កាត់។ បណ្ដាលឱ្យផលប៉ះពាល់ដំណាំស្រូវសរុប ១២៣.០៧២ហិកតា ក្នុងនោះមានស្រូវទុំ ១៥.៦៣៨ហិកតា, ខូចខាតដាំណាំស្រូវ ៧៤.៣៨៨​ហិកតា, ដំណាំសាកវប្បកម្ម និងឧស្សាហ​កម្មផលសរុប ១៦.៣៧៤ហិកតា, ខូចខាត ៨.៦៨០ហិកតា។ គ្រួសារដែលរងផលប៉ះពាល់ សរុប ៥៨.១០៣គ្រួសារ ខូចខាត ៣៥.៧០៤​គ្រួសារ។

ក្នុងនោះផ្ទៃដីដែលរំពឹងអាចស្តារឡើងវិញ ក្រោយទឹកស្រកមានចំនួន ៤៩.០០០ហិកតា។

ជំនន់ទឹកភ្លៀងក៏បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋទាំង ១៤ក្រុង ស្រុក ស្មើនឹង ៨៨ឃុំ សង្កាត់ រង​ផលប៉ះពាល់សរុបចំនួន ៤៥.០២៧ខ្នងផ្ទះ ស្មើនឹង ៥២.៩៨៤គ្រួសារ មនុស្សរាយ ១៨៤.៧១៧នាក់ សី ៩៨.៤១១នាក់ ជម្លៀសប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាព និងជាមួយ​សាច់ញាតិសរុបចំនួន ៣.៧១១គ្រួសារ ស្មើនឹង ១៤.៤៧០នាក់ ស្រី ៧.៣៧៦នាក់ របួស​៣នាក់ និងស្លាប់ ៨នាក់ ក្នុងនោះលង់ទឹកស្លាប់ ៧នាក់ និងឆ្លងចរន្តអគ្គិសនីស្លាប់ ១នាក់។

ជំនន់ទឹកភ្លៀងនេះ បង្កផលប៉ះពាល់សាលាឃុំ ៤កន្លែង, ប៉ុស្តិ៍នគរបាលរដ្ឋបាល ១កន្លែង, មណ្ឌលសុខភាព ៥កន្លែងសាលារៀន ៦៨សាលា និងប៉ះពាល់វត្ត ២៩វត្ត។ ជំនន់ទឹកភ្លៀង​នេះ ក៏បង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក

ការប៉ះពាល់ និងខូចខាតផ្លូវជាច្រើនខ្សែ។ ផ្លូវដែលរងការលិចដោយជំនន់ទឹកភ្លៀងមានចំនួន ៣០ខ្សែ ប្រវែងសរុប ២១៥,៣៨គីឡូម៉ែត្រ។ ផ្លូវដែលបានស្រុតមានចំនួន ២៥ខ្សែផ្លូវ ប្រវែងសរុប ១៧៥,៤៨គីឡូម៉ែត្រ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ទឹកជំនន់ក្នុងឆ្នាំ២០២៦នេះ បានប៉ះពាល់ដល់ខេត្តចំនួន១០ ក្រុង-ស្រុកចំនួន៥៦ និង​ឃុំ-សង្កាត់ ចំនួន៣១៥។ គ្រួសាររងផលប៉ះពាល់មានចំនួន ១០៩,៩៨៥គ្រួសារ ផ្ទះដែលរង​ផល​ប៉ះពាល់មានចំនួន ៨៨,៨១១ខ្នង និងគ្រួសារដែលបានជម្លៀស​ទៅកាន់ទីទួលមាន​សុវត្ថិភាព​មានចំនួន ៩,០២៧គ្រួសារ។ចំពោះស្រូវដែលរងផលប៉ះពាល់មានចំនួន ២២៧.៩៦៥ហិកតា ក្នុងនោះផ្ទៃដីដែលខូចខាតមានចំនួន ១០៤.៣៤៤ហិកតា។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានវាយតម្លៃក្នុងខេត្តគោលដៅចំនួន៧ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ សៀមរាប កំពង់ធំ ឧត្តរមានជ័យ និង​តាកែវ ផ្ទៃដីស្រូវដែលអាចស្តារឡើងវិញបានមានចំនួន ៦១,៥៣៦ហិកតា ស្មើនឹង ២៥,៦២៦គ្រួសារ។

តាមការគណនាតម្រូវការពូជស្រូវជាមធ្យម ១០០គីឡូក្រាមក្នុងមួយគ្រួសារ នឹងត្រូវការពូជ​ស្រូវ​សរុប​ប្រមាណ ២.៥៦៣តោន សម្រាប់គ្រួសារដែលត្រូវបានកំណត់ថាមានលទ្ធភាពស្តារ​ការដាំ​ដុះឡើងវិញ។ ការគាំទ្រពូជស្រូវនេះ មានគោលបំណងជួយកាត់បន្ថយ​បន្ទុក​ចំណាយ​ដំបូងរបស់កសិករ និ​ង​ផ្តល់ឱកាសឱ្យពួកគាត់ចាប់ផ្តើមដាំដុះឡើងវិញ៕