(រ៉ូម)៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់អ៉ីតាលីដែលកំពុងធ្វើប្រតិបត្តិការជាមួយបេសកកម្មរក្សាសន្តិភាពសហភាពអឺរ៉ុប (EU) នៅក្នុងប្រទេស Bosnia and Herzegovina បានធ្លាក់ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ ដោយសម្លាប់មនុស្ស ៤នាក់ និង១១នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិអ៉ីតាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិអ៉ីតាលីបានឱ្យដឹងថាក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់ខាងលើ មាន២នាក់ជាសមាជិកកងទ័ពអ៉ីតាលី និង២នាក់ទៀតជាអ្នកធ្វើការស្ម័គ្រចិត្តយោធានៃកាកបាទក្រហមអ៉ីតាលី។ ចំណែក មនុស្ស ១១នាក់ដែលបានរងរបួសកំពុងទទួលបានការព្យាបាល ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេរងរបួសដែលគំរាមកំហែងដល់អាយុជីវិតឡើយ។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអ៉ីតាលី មានមនុស្សសរុប ១៥នាក់ បានជិះនៅលើឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅឯភូមិ Gorice ក្នុងស្រុក Brcko នៃប្រទេស Bosnia and Herzegovina។ ឧទ្ធម្ភាគចក្រនេះដែរត្រូវបានដាក់ពង្រាយឱ្យចូលរួម Operation Althea ជាបេសកកម្មរក្សាសន្តិភាពមួយដឹកនាំដោយកងកម្លាំងសហភាពអឺរ៉ុបដែលកំពុងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព Dayton Peace Agreement។
ក្រសួងការពារជាតិអ៉ីតាលីបានបន្ថែមថាមូលហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ក៏បានសម្ដែងការចូលរួមរំលែកមរណទុក្ខរបស់លោកស្រីផងដែរ៕




























