(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់សាកល្បងដ្រូនប្រយុទ្ធ មីស៊ីល និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះនៅឯព្រឹត្តិការណ៍តាំងបង្ហាញសម្ញែងអាវុធមួយ ជាទីដែលមេដឹកនាំ លោក គីម ជុងអ៊ុនបានសង្កត់ធ្ងន់ថាអំណាចយោធាខ្លាំងជាមធ្យោបាយតែមួយគត់ដើម្បីការពារសន្តិភាព។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ព្រឹត្តិការណ៍សម្ញែងអាវុធខាងលើបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងសេអ៊ូលបាននិយាយថាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលិស្ទីគ ប្រហែលជា ១០គ្រាប់ ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន។ នៅឯព្រឹត្តិការណ៍នោះដែរ លោក គីម បានសង្កត់ធ្ងន់ថាគោលបំណងសម្រេចឱ្យបាននូវឧត្តមភាពដាច់ខាតខាងបច្ចេកវិទ្យាដ្រូនជាជម្រើសមួយមិនអាចខ្វះបាន នៅចំពោះមុខការផ្លាស់ប្ដូរមិនធ្លាប់មាននៃសង្រ្គាមសម័យទំនើប។
តាមមេដឹកនាំកូរ៉េខាងជើង សន្តិភាពអាចត្រូវបានធានាការពារតាមអំណាចយោធាតែប៉ុណ្ណោះ ហើយលោកក៏បានអំពាវនាវផងដែរឱ្យពន្លឿនការអភិវឌ្ឍដ្រូន និងបច្ចេកវិទ្យា AI សម្រាប់ការប្រើប្រាស់យោធា។
គួរបញ្ជាក់ថា បើតាម KCNA នៅឯព្រឹត្តិការណ៍តាំងបង្ហាញសម្ញែងអាវុធ គេឃើញមានដ្រូនប្រយុទ្ធអត្តឃាត ដ្រូនខ្នាតធំមានបំពាក់មីស៊ីលបាញ់ពីអាកាសទៅដី មីស៊ីលគ្រូស និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះកាណុង ៦០០មីលីម៉ែត្រ។ KCNA បានឱ្យដឹងទៀតថានៅក្នុងការធ្វើតេស្ត ដ្រូន និងមីស៊ីលគ្រូសបានវាយប្រហារចំគោលដៅ១០០ភាគរយដែលត្រូវបានរៀបចំឡើងនៅលើកោះមួយ៕




























