លោកអភិបាលស្រុកស្ទោង បានលើកឡើងថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្សព្វផ្សាយច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តិនានា ជាកិច្ចការអាទិភាពដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ

(កំពង់ធំ) ៖ លោកអភិបាលស្រុកស្ទោង បានលើកឡើងថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្សព្វផ្សាយច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តិនានាជាកិច្ចការអាទិភាពដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែតុលា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» មិនមែនជាបន្ទុករបស់ស្ថាប័នណាមួយតែឯកងនោះទេ ប៉ុន្តែវាគឺជា កិច្ចការរួមរបស់យើងទាំងអស់គ្នា ដែលទាមទារឱ្យមានការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះលោកអភិបាលស្រុក បានថ្លែងនូវការកោតសរសើរយ៉ាងស្មោះចំពោះ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំង ការិយាល័យនិងអង្គភាពពាក់ព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងអំឡុងពេល ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ កន្លងមកនេះ ប្រកបដោយភាពរលូន និងមានសុវត្ថិភាពខ្ពស់ ហើយលោកក៏បានក្រើនរំលឹក និងជំរុញឱ្យគ្រប់ភាគីទាំងអស់ ត្រូវបន្តរក្សាស្មារតីនិងនិរន្តរភាពលើកិច្ចការងារសន្តិសុខនេះបន្តទៀត ដើម្បីធានាបាននូវសុខសន្តិភាពជូនមូលដ្ឋាន។

លើសពីនេះ លោកអភិបាលស្រុក បានដាក់បទបញ្ជា និងជំរុញដល់ការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរភូមិ–ឃុំ ទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ធ្វើការ ផ្សព្វផ្សាយច្បាប់ភូមិបាលនិងលិខិតបទដ្ឋានគតិយុត្តិនានា ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែទូលំទូលាយបំផុត ដើម្បីឱ្យពួកគាត់បានយល់ដឹងពីសិទ្ធិ អង្គភាពច្បាប់ និងកាត់បន្ថយទំនាស់ផ្សេងៗនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់សិទ្ធិឱ្យបានត្រឹមត្រូវ។

លើសពីនេះទៀត លោកបានជំរុញដល់មន្ត្រីក្រោមឱវាទត្រូវបន្តផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយគុណភាព ប្រសិទ្ធិភាព ឆាប់រហ័ស និងមានជំនឿជាក់ ព្រមទាំងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ ។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានលើកទឹកចិត្តដល់មន្ត្រីជំនាញពពាក់ព័ន្ធ និងកងកម្លាំងនៃទីបញ្ជាការស្រាល ត្រូវបន្តកិច្ចការការពារធនធានធម្មជាតិ និងមច្ឆជាតិ និងបង្ក្រាបប៊ទល្មើសជាក់ស្ដែងសំដៅធានាការអភិរក្សធនធានធម្មជាតិមច្ឆជាតិ ជាពិសេសពូជត្រីកម្រ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង