សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ មេដឹកនាំបើអាចបញ្ចៀសការស្លាប់របស់កងទ័ព និងប្រជាជន គឺត្រូវតែធ្វើការ តែមិនបោះបង់ការទាមទារដីតាមផ្លូវច្បាប់

(បាត់ដំបង)៖ មានប្រសាសន៍ពីខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជំហរជាថ្មីក្នុងនាមជាមេដឹកនាំប្រទេស គឺត្រូវតែបញ្ចៀសការស្លាប់របស់កងទ័ព និងប្រជាជន លើបញ្ហាទាមទារដីដែលប្រទេសដទៃឈ្លានពាន ព្រោះសម្ដេចយល់ឃើញថា គ្មានសង្គ្រាមណាមកបញ្ចប់សង្គ្រាមបាននោះទេ ពោលមានការតែការដោះស្រាយតាមផ្លូវច្បាប់ប៉ុណ្ណោះដែលមានស្ថេរភាពរយៈពេលវែង។

ក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការបញ្ចៀសការស្លាប់របស់កងទ័ព និងប្រជាជន ដោយការមិនច្បាំងគ្នា មិនមែនមានន័យថា រាជរដ្ឋាភិបាលខ្លាចក្នុងការទាមទារទឹកដីត្រឡប់មកវិញនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការភាពជឿជាក់ពីប្រជាពលរដ្ឋ តាមរយៈការទាមទារដីដោយយកយន្ដការច្បាប់មកដោះស្រាយ មិនមែនជាការធ្វើសង្គ្រាមឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់ការកម្ពុជា យើងដោះស្រាយប្រឈមផ្ទាល់មិនបានរត់ចោលបញ្ហា ប៉ុន្ដែយើងយកសមរភូមិការទូត សមរភូមិផ្លូវច្បាប់ដើម្បីដោះស្រាយ ព្រោះជីវិតរបស់ប្រជាពលរដ្ឋ កងទ័ព នគរបាល អាវុធថ្លៃណាស់។ អ៊ុយក្រែន រុស្ស៉ី វាយគ្នាមិនមែនស្លាប់មេដឹកនាំប្រទេសទេ ស្លាប់តែកងទ័ព និងប្រជាពលរដ្ឋ។ ក្នុងនាមជាមេដឹកនាំ បើយើងអាចជៀសបានពីការសម្លាប់គ្នាពីការការពារទឹកដី យើងដូចគ្នាមិនបានបោះបង់ទឹកដីទេ យើងត្រូវតែធ្វើ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការចរចាបញ្ចប់សង្គ្រាមដោយជ្រើសរើសផ្លូវច្បាប់ ប្រៀបដូចជាការបង្ការកុំឲ្យផ្ទុះសង្គ្រាមនៅថ្ងៃក្រោយ ព្រោះមិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមនោះទេ។ សម្ដេចមហាបវរធិបតី បានលើកឧទាហរណ៍ជាក់ស្ដែងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលច្បាំងគ្នាមកទល់ពេលនេះរយៈពេល៣ឆ្នាំ បណ្ដាលឲ្យពលរដ្ឋស្លាប់រាប់លាននាក់ មិនទាន់ត្រូវបានបញ្ចប់នោះទេ។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មានផ្លូវដើរក្នុងការដោះស្រាយបញ្ហាព្រំដែនទាមទារដីត្រឡប់មកវិញ ប៉ុន្ដែត្រូវការពេលវេលា ហើយត្រូវការការយោគយល់ពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីផលលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ខណៈបច្ចុប្បន្នស្ថិតក្នុងភាពភ័យខ្លាច ហើយខ្លះមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបាន ដោយត្រូវរស់នៅទីតាំងបណ្ដោះអាសន្នដែលរៀបចំដោយរាជរដ្ឋាភិបាល។ សម្ដេចបានបន្ដថា កន្លងទៅសម្ដេចធ្លាប់បានទៅសួរសុខទុក្ខឲ្យផ្ទាល់ប្រជាពលរដ្ឋដែលរស់នៅផ្ទះបណ្ដោះអាសន្ន ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ ហើយបន្ទាប់ទៅសម្ដេចនឹងទៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ៕