ភ្នំពេញ ៖ ឯ.ឧ. ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានបន្តអំពាវនាវដល់សិស្សានុសិស្សថ្នាក់ទី៩ ដែលត្រៀមប្រឡងទាំងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២) ត្រូវបង្កើនការយកចិត្តទុកដាក់រៀនសូត្រឲ្យបានហ្មត់ចត់ មិនថារៀននៅក្នុងថ្នាក់ ឬនៅផ្ទះនោះទេ ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងនៅចុងឆ្នាំនេះ។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯ.ឧ. ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ឆ្នាំនេះ ក្រសួងមិនបន្ធូរបន្ថយស្តង់ដាប្រឡងនោះទេ ទាំងថ្នាក់ទី៩ និងថ្នាក់ទី១២ ទោះបីមានការផ្អាកការសិក្សាមួយរយៈពេលក៏ដោយ។ ដូច្នេះសិស្សានុសិស្សត្រូវតែយកចិត្តទុកដាក់ចំពោះការរៀនសូត្រ។ លោកបានបន្ថែមថាដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពអាចប្រឡងជាប់ ក្រសួងបានផ្តល់ពេលវេលាសិក្សាបន្ថែម និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជ្រើសរើសគ្រូស្ម័គ្រចិត្តបង្រៀនបន្ថែមម៉ោងដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឲ្យបានល្អមុនដំណើរការប្រឡង ។
សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕
































