(ព្រះវិហារ)៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានចេញការណែនាំ និងព្រមានធ្ងន់ៗដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ឱ្យបញ្ឈប់សកម្មភាពឆ្លងដែនទៅលេងល្បែងស៊ីសងជល់មាន់នៅក្នុងទឹកដីប្រទេសឡាវជាបន្ទាន់។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើសមត្ថកិច្ចស្រាវជ្រាវរកឃើញការឆ្លងដែនពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់នេះ នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ។
ថ្លែងប្រាប់បណ្តាញព័ត៌មាននៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឃិត សុធារ៉ា បានឱ្យដឹងថា លោកបានទទួលព័ត៌មាន និងសេចក្តីរាយការណ៍ផ្ទាល់ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីមានប្រជាពលរដ្ឋខ្មែរមួយចំនួនលួចឆ្លងដែនទៅចូលរួមលេងល្បែងជល់មាន់ក្នុងទឹកដីឡាវនាពេលកន្លងមក។
ឆ្លើយតបនឹងបញ្ហានេះ លោកអភិបាលស្រុក បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន បង្កើនការយកចិត្តទុកដាក់តាមដាន និងឃ្លាំមើលរាល់សកម្មភាពឆ្លងដែនរបស់ប្រជាពលរដ្ឋយ៉ាងម៉ឺងម៉ាត់។ ក្នុងករណីមានការសង្ស័យលើការដឹកជញ្ជូនមាន់ជល់តាមទូកឆ្លងទៅកាន់ទឹកដីឡាវ សមត្ថកិច្ចនឹងឃាត់ខ្លួនធ្វើការសួរនាំ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ ហើយប្រសិនបើពិនិត្យឃើញថាមានគោលបំណងទៅលេងល្បែងជល់មាន់ពិតប្រាកដមែន នោះនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
លោកអភិបាលស្រុកឆែប បានគូសបញ្ជាក់បន្ថែមថា ការដាក់ចេញនូវវិធានការក្តៅនេះ គឺធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការណែនាំយ៉ាងស្ទាត់ជំនាញរបស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីបង្ក្រាបសកម្មភាពល្បែងស៊ីសងខុសច្បាប់ និងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ទៅប្រព្រឹត្តិអំពើល្មើសច្បាប់ក្នុងទឹកដីប្រទេសជិតខាងនោះឡើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា សង្វៀនជល់មាន់ដែលកំពុងទាក់ទាញប្រជាពលរដ្ឋខ្មែរមួយចំនួនតូចមកពីបណ្តាខេត្តផ្សេងៗឱ្យឆ្លងដែនទៅលេងនោះ មានឈ្មោះថា «សង្វៀនមិត្តភាពមេគង្គ» ដែលស្ថិតនៅក្នុងទឹកដីឡាវ។ សង្វៀនមួយនេះត្រូវគេរាយការណ៍ថា បានបើកដំណើរការជារៀងរាល់ថ្ងៃ ហើយជាពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តែងតែមានការណាត់ជួបប្រកួត «គូពិសេស» ដែលធ្វើឱ្យមានមនុស្សសម្រុកទៅលេងយ៉ាងកកកុញខុសប្លែកពីថ្ងៃធម្មតា៕ដោយសួនពិសិត
































