
(កំពង់ធំ)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើបសាងសង់រួចរាល់។
អគារសិក្សា៥ខ្នងនេះ ត្រូវបានសាងសង់ឡើងនៅសាលាផ្សេងៗគ្នា តែពិធីសម្ពោធត្រូវបានរៀបចំឡើងរួមគ្នានៅវិទ្យាល័យទ្រៀល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។ ពិធីសម្ពោធសមិទ្ធផលដ៏មានគុណតម្លៃសម្រាប់វិស័យអប់រំលើទឹកដីខេត្តកំពង់ធំនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាមកពីសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តយ៉ាងច្រើនកុះករ។
យោងតាមរបាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា អគារសិក្សាដែលរៀបចំពិធីសម្ពោធនាព្រឹកថ្ងៃនេះ ត្រូវបានសាងសង់ឡើងក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជាដែលដឹកនាំដោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់។ អគារសិក្សាដែលបានសាងសង់មានចំនួន ៥ខ្នង ស្មើនឹង ៥៥បន្ទប់ នៅសាលារៀនចំនួន៥ផ្សេងគ្នា។

ក្នុងនោះវិទ្យាល័យទ្រៀលទទួលបានអគារ១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់, សាលាបឋមសិក្សាកកោះ ទទួលបានអគារ១ខ្នង កម្ពស់២ជាន់ ១០បន្ទប់, សាលាបឋមសិក្សាជាន់លែងភូមិថ្មី ទទួលបានអគារ១ខ្នង ៥បន្ទប់, សាលាបឋមសិក្សាហ៊ុនសែនឈូកជីព្រះ ទទួលបានអគារ១ខ្នង ៥បន្ទប់ និងសាលាបឋមសិក្សាអូរសំបួរ ទទួលបានអគារ១ខ្នង ៥បន្ទប់។
អគារសិក្សាទាំង ៥ខ្នង ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ និងចំណាយរយៈពេលសាងសង់១១ខែ ប្រើប្រាស់ថវិកាចំនួន ១.៤៤១.៥៦១ដុល្លារអាម៉េរិក។ ក្រៅពីសំណង់អគារសិក្សាថ្មីទាំង៥ខ្នងនេះ សមាគមឧកញ៉ាកម្ពុជាក៏បានឧបត្ថម្ភជួសជុលអគារចាស់ កែលម្អទីធ្លា សាងសង់ខ្លោងទ្វារ ផ្លូវបេតុង ផ្តល់សម្ភារៈសិក្សាផ្សេងៗ ដោយចំណាយថវិកាបន្ថែម ៥៤៥.២៩៧ដុល្លារអាម៉េរិក។
បើតាមលោកអភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ការសាងសង់អគារសិក្សាថ្មីទាំង៥ខ្នង រួមជាមួយសម្ភារៈ និងសំណង់ផ្សេងៗជាច្រើនទៀត បានចំណាយថវិកាសរុប ២.០៣៩.៤៦០ដុល្លារអាម៉េរិក ជាអំណោយរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងសមាជិកសមាគមឧកញ៉ាកម្ពុជាប្រមាណ ១១០រូប។

ការអប់រំជាកិច្ចការដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បីបង្កើតនូវធនធានមនុស្សចូលរួមកសាងសង្គមជាតិ។ សមិទ្ធផលអគារសិក្សាទាំង៥ខ្នងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ជាការបង្ហាញឱ្យឃើញនូវស្មារតីរបស់វិស័យឯកជន ក្នុងការលើកកម្ពស់ការអប់រំនៅតាមខេត្ត ជាពិសេសដោះស្រាយបញ្ហាខ្វះបន្ទប់សិក្សារៀនសូត្ររបស់សិស្ស ដែលមានកំណើនឡើងជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ខេត្តកំពង់ធំមានសាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាសាធារណៈ ចំនួន ៦០៦កន្លែង។ ក្នុងនោះ សាលាមត្តេយ្យសិក្សា ១៤កន្លែង(ថ្នាក់មត្តេយ្យក្នុងបឋមសិក្សាមានចំនួន ២០២កន្លែង) សាលាបឋមសិក្សាចំនួន ៥០០កន្លែង អនុវិទ្យាល័យ ៦៧កន្លែង វិទ្យាល័យ ២៥កន្លែង (នៅក្នុងនោះមានវិទ្យាល័យ ធនធានចំនួន ៣កន្លែង និងវិទ្យាល័យបច្ចេកទេសចំនួន ១កន្លែង)។

អគារសិក្សាសរុប ១.២២៣ខ្នង ស្មើនឹង ៥.២២៩បន្ទប់ ទីចាត់ការ ៤៩ខ្នង ស្នើនឹង ១១៨បន្ទប់ បណ្ណាល័យ ៧៧ខ្នង ស្មើនឹង ៩៦បន្ទប់ និងបង្គន់អនាម័យ ១.២៩៩ខ្នង ស្មើនឹង ៤.០៨០បន្ទប់ ក្នុងនោះអគារសិក្សា និងអគារផ្សេងៗបម្រើដល់វិស័យអប់រំ ដែលឧបត្ថម្ភដោយ សម្តេចតេជោ ហ៊ុន សែន មានចំនួន ២១០ខ្នង ស្មើនឹង ១.១៨៥បន្ទប់។
អគារសិក្សាសាងសង់ឆ្នាំ២០២៥-២០២៦ ផ្តល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តបតាមការស្នើសុំអំឡុងពេលសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ និងអគារសិក្សាផ្តល់ដោយ លោកជំទាវបណ្ឌិត មានសរុបចំនួន ៦ខ្នង ស្មើនឹង ៣៩បន្ទប់។ ក្នុងនោះមាន សាលាបឋមសិក្សាហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ១ខ្នង ៦បន្ទប់ សាលាបឋមសិក្សាអូរកន្ធរត្បូង ១ខ្នង ៦បន្ទប់ បឋមសិក្សាត្រពាំងវែង ១ខ្នង ៦បន្ទប់ ស្ថិតនៅក្រុងស្ទឹងសែន និងសាលាបឋមសិក្សានីពេជ ១ខ្នង ៦បន្ទប់ សាលាបឋមសិក្សាមហរ ១ខ្នង ៥បន្ទប់ បឋមសិក្សាព្រៃគុយ ១ខ្នង ៦បន្ទប់ ស្ថិតនៅស្រុកកំពង់ស្វាយ៕






























