កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ KCNA​ នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រ ដែលនេះជាការសម្ញែងសមត្ថភាពអាវុធចុងក្រោយបំផុតមួយរបស់ទីក្រុងព្យុងយ៉ាង នៅចំពោះមុខការកើនឡើងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការធ្វើតេស្តបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទម្សិលមិញ កើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានធ្វើការសាកល្បងលើក្បាលគ្រាប់បែកចង្កោម កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ខណៈភាពតានតឹងជាមួយកូរ៉េខាងត្បូងកើនឡើងចាប់តាំងពីមានហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធាដែលបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង៣នាក់រងរបួសក្នុងនោះមាន២នាក់រងរបួសធ្ងន់។ តាម KCNA ក្បាលគ្រាប់ដែលបំពាក់នៅលើមីស៊ីលគ្រូសខាងលើមានសមត្ថភាពកម្ទេចគោលដៅឱ្យក្លាយទៅជាផេះក្នុងរង្វង់ផ្ទៃដីពី៥ ទៅ៦ហិកតា ជាមួយកម្លាំងផ្ទុះដ៏មហិមា។

គួរបញ្ជាក់ថា ផ្ទុយពីមីស៊ីលបាលិស្ទីគ ការធ្វើតេស្តមីស៊ីលគ្រូសរបស់កូរ៉េខាងជើងមិនស្ថិតនៅក្រោមបម្រាមរបស់ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ ម្យ៉ាងវិញទៀត ខុសពីទម្លាប់ដួចសព្វដង យោធាកូរ៉េខាងត្បូងមិនបានប្រកាសឱ្យដឹងពីការធ្វើតេស្តបាញ់ មីស៊ីលគ្រូសរបស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទនោះទេ៕