(ហុងកុង)៖ សកម្មជនហុងកុង លោក Joshua Wong មានអាយុ៣០ឆ្នាំ ដែលជានិមិត្តរូបនៃចលនាប្រជាធិបតេយ្យរបស់ទីក្រុងហុងកុងនៅលើឆាកអន្តរជាតិ ត្រូវបានតុលាការផ្តន្ទាទោសនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទគប់គិតជាមួយបរទេសនៅក្រោមច្បាប់សន្តិសុខជាតិរបស់ក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Joshua Wong ត្រូវបានចោទប្រកាន់ពីបទគប់គិតជាមួយសកម្មជននិរទេសខ្លួនឯងនៅឯបរទេសឈ្មោះ Nathan Law និងសកម្មជនជាច្រើននាក់ក្នុងឆ្នាំ២០២០ ដើម្បីអំពាវនាវឱ្យបរទេសដទៃ ស្ថាប័ន អង្គការអន្តរជាតិនានា ឬបុគ្គលបរទេសដាក់ទណ្ឌកម្ម ឬអនុវត្តការបិទខ្ទប់ប្រឆាំងនឹងចិន រួមទាំងចូលរួមក្នុងសកម្មភាពអរិភាពមួយចំនួនទៀតដែលមានគោលដៅប្រឆាំងនឹងរដ្ឋាភិបាលហុងកុង និងចិន។
លោក Joshua Wong កាលពីខែកញ្ញា ក៏បានសារភាពពីទោសកំហុសលើបទចោទខាងលើផងដែរ។
គួរបញ្ជាក់ថា លោក Joshua Wong ដែលបានអនុវត្តទោសជាប់ពន្ធនាគារជិត ៦ឆ្នាំរួចទៅហើយនោះ ត្រូវបានរំពឹងថានឹងដោះលែងនៅខែមករា ឆ្នាំក្រោយ បន្ទាប់ពីបានអនុវត្តទោសក្នុងពន្ធនាគារ ៤ឆ្នាំ និង៨ខែ ក្រោមបទចោទធ្វើសកម្មភាពប្រឆាំងរដ្ឋអំណាចនៅក្រោមច្បាប់សន្តិសុខជាតិដាក់ឱ្យអនុវត្តលើទីក្រុងហុងកុងដោយទីក្រុងប៉េកាំង។
ក៏ប៉ុន្តែ អាជ្ញាធរហុងកុងបានប្រើប្រាស់សន្តិសុខជាតិដើម្បីចោទប្រកាន់លោក Wong សាជាថ្មីកាលពីខែមិថុនា ឆ្នាំ២០២៥ ដោយចោទរូបលោកថាបានស្នើឱ្យប្រទេសដទៃ និងស្ថាប័នអន្តរជាតិនានាដាក់ទណ្ឌកម្មប្រឆាំងហុងកុង និងចិន៕




























