លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky

(កៀវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ជាតិជូនស្ត្រីទីមួយនៃសហរដ្ឋអាមេរិក លោកស្រី Melania Trump ជាកិច្ចទទួលអំពីស្គាល់តួនាទីរបស់លោកស្រី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់មួយផ្នែក ដែលបានបើកផ្លូវឱ្យមានការជម្លៀសពលរដ្ឋចេញពីទីក្រុង ដែលកំពុងស្ថិតក្រោមការកាន់កាប់របស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥​ ខែវិច្ឆិកា ឆ្នាំ២០២៦។

«ខ្ញុំសូមប្រកាសសម្រេចផ្តល់គ្រឿងឥស្សរិយយស Princess Olga ថ្នាក់ទី១ ជូនដល់លោកស្រី Melania Trump ស្ត្រីទីមួយអាមេរិក»។ នេះបើយោងតាមក្រឹត្យនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែន។ ខ្លឹមសារនៅក្នុងក្រឹត្យនោះ ទទួលស្គាល់ការចូលរួមចំណែកដោយផ្ទាល់ពីលោកស្រី Melania ក្នុងកិច្ចគាំទ្រផ្នែកមនុស្សធម៌ចំពោះអ៊ុយក្រែន ព្រមទាំងសកម្មភាពលើកកម្ពស់សិទ្ធិមនុស្ស និងការងារសប្បុរសធម៌។

កាលពីខែមុន លោកស្រី Melania បានជួយឱ្យមានបទឈប់បាញ់រវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៉ី ដើម្បីអនុញ្ញាតឱ្យពលរដ្ឋក្រុង Oleshky ក្នុងសមរភូមិភាគខាងត្បូង ចាកចេញពីទីនោះ បន្ទាប់ពីពួកគេរងទុក្ខលំបាកអស់ជាច្រើនសប្តាហ៍ ដោយសារការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យ។ ការផ្អាកការប្រយុទ្ធគ្នាដ៏កម្រនេះ ក៏បាននាំឱ្យមានការដោះមីននៅលើដងផ្លូវ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋចាកចេញទៅកាន់អ៊ុយក្រែន ឬរុស្ស៉ី។

លោកស្រី Melania ក៏បាននិងកំពុងចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីនាំកុមារអ៊ុយក្រែន ដែលត្រូវបញ្ជូនទៅរុស្ស៉ីឱ្យត្រឡប់មកវិញ ជាមួយការប្រកាសថា លោកស្រីនឹងទទួលស្វាគមន៍តំណាងមកពីភាគីទាំងពីរនៅទីក្រុងវ៉ាស៉ីនតោន៕