(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រដល់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth កាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ពោលគឺមួយថ្ងៃបន្ទាប់ពីគណបក្សប្រជាធិបតេយ្យ ដណ្តើមបានការគ្រប់គ្រងសភាទាំងពីរ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលឆ្លុះបញ្ចាំងពីកំហឹងរបស់អ្នកបោះឆ្នោតចំពោះសង្គ្រាមនៅអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារ Reuters។

នៅពេលត្រូវបានសួរថាតើលោកកំពុងពិចារណាប្តូរ លោក Hegseth ឬទេ? លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «ទេ ខ្ញុំគិតថាគាត់កំពុងបំពេញការងារបានយ៉ាងល្អ»។
ប្រតិកម្មនេះគឺផ្ទុយពីករណីអតីតប្រធានាធិបតី George Bush ដែលបានសម្រេចដកតំណែងរដ្ឋមន្ត្រីការពារជាតិ Donald Rumsfeld បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០០៦ ដោយនៅពេលនោះ មានការមិនពេញចិត្តរបស់អ្នកបោះឆ្នោតចំពោះសង្គ្រាមនៅអ៉ីរ៉ាក់ ដែលបានជួយឱ្យគណបក្សប្រជាធិបតេយ្យទទួលបានសិទ្ធិគ្រប់គ្រងសភា។
ប៉ុន្តែប្រភពនានានិយាយថា លោក ត្រាំ នៅតែអាចប្តូរលោក Hegseth ខណៈដែលគណបក្សសាធារណរដ្ឋ កំពុងវាយតម្លៃលើភាពបរាជ័យរបស់ខ្លួន។ ទីប្រឹក្សាម្នាក់របស់លោក ត្រាំ និយាយថា លោក Hegseth អាចនឹងក្លាយជាគោលដៅនៃការដកចេញពីតំណែង ដោយសារតែបញ្ហាសង្គ្រាម។ ទីប្រឹក្សារូបនោះបន្ថែមថា «នឹងត្រូវមាននរណាម្នាក់ មកទទួលខុសត្រូវចំពោះរឿងនេះ ហើយនរណាក៏ដឹងដែរថា វាមិនមែនជាគាត់ (លោក ត្រាំ) ឡើយ»។
នៅពេលត្រូវបានសុំឱ្យផ្តល់មតិយោបល់ សេតវិមានបានណែនាំឱ្យ Reuters ពិនិត្យមើលការលើកឡើងជាសាធារណៈរបស់លោក ត្រាំ ពាក់ព័ន្ធនឹងលោក Hegseth។ តាមក្រសួងការពារអាមេរិក លោក Hegseth បានប្តេជ្ញាចិត្ត ១០០ភាគរយក្នុងការដឹកនាំមន្ទីរបញ្ចកោណ រហូតចប់អាណត្តិរបស់លោក ត្រាំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៩៕




























