កាលពីដើមសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតសអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ដែលកិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ការពារជាតិកម្ពូជា និងអ្នកការទូតពីស្ថានទូតអាមេរិកជាច្រើនរូបផងដែរ។
លោក Patrick Murphy បានសរសេរនៅលើបណ្តាញសង្គម Twitter នៅក្រោយជំនួបនោះថា លោកបានពិភាក្សាពីវិស័យសក្តានុពលជាច្រើននៃកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលបានពង្រឹង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងជាបន្ត ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
បើតាមលោក ខៀវ ឆេន នាយកខុទ្ទកាល័យ លោក ទៀ បាញ់ បានប្រាប់ឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំថា ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយោធាឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈដោយសារការគំរាមកំហែងរបស់ជំងឺកូវីដ-១៩៕
































