តាមការគ្រោងទុក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែនៅក្នុងក្រុងសៀមរាប។
ឯ.ឧ. ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡងបែបនេះ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ ដោយបានដកស្រង់ប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តសៀមរាប ។
ឯ.ឧ. ថ្លែងថា ម៉្យាងទៀត នៅពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ យើងក៏មិនបន្ធូរក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឡើយ ហើយពេលនេះក៏ជាឱកាស មួយដ៏ល្អសម្រាប់ខេត្តសៀមរាប ក្នុងការរៀបចំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ៍ នៅតំបន់អង្គរយើងនេះ ។
លោកទៀ សីហា បន្ថែមថា សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គ្រោងបញ្ចប់ឲ្យបានរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។
សូមជម្រាបថា គម្រោងស្ថាបនាផ្លូវនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចទម្លាក់កញ្ចប់ថវិកា ចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ៕
































