ខេត្តត្បូងឃ្មុំ: ពិតជាគួរឲ្យ រន្ធត់ដោយក្មេងស្រីចំនួន ៣នាក់បាននាំគ្នាងូតទឹកក្រោមស្ពានបេតុងមួយកន្លែងជាហេតុបណ្ដាលឲ្យលង់ស្លាប់ទាំងបី។ហេតុការនេះបានកើតឡើង នៅវេលាម៉ោងប្រហែល៣ រសៀលថ្ងៃទី២៥កញ្ញា ២០២០ នៅចំណុចក្រោមស្ពានការដ្ឋានចិនព្រែកជីកទី១ នៅខាងលិចភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងក្រុមគ្រួសារនាំគ្នាអន្តរាគមន៍ចុះរាវរក។
នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ដើមហេតុដំបូងក្មេងស្រីទាំង៣នាក់បាននាំគ្នាជិះម៉ូតូម៉ាកសេ125 ស៊េរី 2011 ចេញពីផ្ទះរបស់ខ្លួនទៅលេងផ្ទះបងប្អូននៅជីហែស្រុកកោះសូទិន ខេត្តកំពង់ចាម លុះពេលរសៀល ក៏បាននាំគ្នាជិះម៉ូតូត្រឡប់មកវិញ និងបានឈៀងចូលលេងទឹកនៅត្រង់ទ្វារទឹកមួយកន្លែងរាងស្ងាត់តាមផ្លូវ។ ហើយត្រូវបានអ្នកឃ្វាលគោប្រាប់ក៏នាំគ្នាជិះម៉ូតូបន្តដំណើរ មកមុខទៀតរួចក៏ឈានចូលងូតទឹកលេងនៅក្រោមស្ពានបេតុង។
នគរបាលមូលដ្ឋានបានប្រាប់បន្តថា ក្នុងពេលនោះក្រុមក្មេងទាំងបីនាក់បងប្អូន បានចុះលេងទឹកដោយម៉ូតូដាក់នៅលើគោក រួមនឹងទូរសព្ទហើយស្បែកជើងដាក់នៅមាត់ច្រាំង។ចៃដន្យគ្រោះអកុសលជាហេតុបណ្ដាលឲ្យលង់ទឹកស្លាប់ទាំងបី ដោយមិនមានអ្នកណាឃើញភ្លាមៗនោះទេ។បន្ទាប់មកក៏មានប្រជាពលរដ្ឋបានឃើញស្បែកជើងចំនួនបីគូនៅមាត់ច្រាំង ដោយមានការសង្ស័យមានមនុស្សលង់ទឹកក៏រាយការណ៍មកសមត្ថកិច្ច។ក្នុងគ្រានោះកម្លាំងនគរបាលប៉ុស្តិ៍មៀន បានចុះទៅដល់សហការជាមួយប្រជាពលរដ្ឋ យកទូរសព្ទតេប្រាប់ក្រុមសាច់ញាតិឲ្យបានដឹង។បន្ទាប់មកក៏បាននាំគ្នាចុះរាវរកក្នុងទឹកដែលមានជម្រៅជាង៣ម៉ែត្រ ដំបូងបានរកសពឈ្មោះស្រីនាដឃើញមុនគេ ហើយពីរនាក់ទៀតបានរកឃើញបន្តបន្ទាប់។ក្នុងពេលនោះឪពុកម្ដាយរបស់ក្មេងស្រីទាំង៣នាក់ ក៏មានវត្តមាននៅទីនោះដែរ ក្នុងពេលដែលឃើញកូនស្រីរបស់ខ្លួនស្លាប់គួរឲ្យអាណោចអាធ័មបែបនេះ
បានយំទួញសោកអាណោះអាល័យ ដល់កូនរបស់ខ្លួន។ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន លោកមេភូមិស្វាយពក មេភូមិមេលោង តំណាងលោកមេឃុំ និងលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពមានចំនួន០៣ នាក់ៈ១-ឈ្មោះ គាន សុខឃាង ភេទស្រី អាយុ១៩ឆ្នាំ ២-ឈ្មោះឈិន សុខនី ភេទស្រី អាយុ១៨ឆ្នាំ ៣-ឈ្មោះ ឈិន ស្រីនាថ ភេទស្រី អាយុ១៦ឆ្នាំ ទាំង០៣នាក់ ស្រី នៅភូមិស្វាយពក ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ តាមរយៈការពិនិត្យរបស់គ្រូពេទ្យមណ្ឌល សាកសពគ្មានស្លាកស្នាម គឺពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតមែន។សាកសពក្រោយពេលពិនិត្យរួចបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា ទឹកដែលហូបកាត់តាមក្រោមស្ពានបេតុង កន្លែងដែលក្មេងស្រីទាំង៣នាក់លង់ស្លាប់នេះគឺមានប្រភពហូរចេញពីទន្លេមេគង្គ បន្តធ្លាក់រហូតដល់ខេត្តស្វាយរៀង ដែលគេធ្វើឡើងសម្រាប់ស្រោចស្រពដំណាំស្រូវ៕

































