អ្នកបើកឡានក្រុងមិនយកក្រដាសប្រាក់១៥០០០រៀលព្រួតគ្នាវាយអ្នកដំណើររងរបួស

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ និងព្រូរថយន្តក្រុង ២នាក់ រួមទាំងរថយន្តដឹកអ្នកដំណើរ១គ្រឿងផង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ស្រុកបរិបូរណ៌ស្ទាក់ចាប់បាន ប្រគល់ឱ្យសមត្ថកិច្ចនគរបាល ស្រុករលាប្អៀរ បន្ទាប់ពីមានទំនាស់គ្នា ជាមួយ អ្នកធ្វើដំណើរ រហូតឈានដល់ការប្រើអំពើហឹង្សា បណ្តាលឱ្យអ្នកដំណើរ២នាក់ក្នុង ចំណោម៣នាក់ បានរងរបួស ។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ចំណុចភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ព័ត៌មានដែលភ្នាក់ងារយើងទទួលបានជាបឋម គឺផ្តើមឡើងដោយសារ អ្នកបើកបររថយន្ត និងព្រូ មិនទទួលយកក្រដាស់ប្រាក់ ១៥.០០០រៀល ដែលជាប្រាស់រៀលខ្មែរ ដោយចោទថាៈ មិនមែនជាប្រាក់រៀលខ្មែរទេ ។ យ៉ាងនេះក្តី លោក ទឹម ចាន់ទី អធិការនគរបាលស្រុករលាប្អៀរនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា នេះទៅហើយ នៅមិនអាចបញ្ជាក់ជុំវិញព័ត៌មាននេះបានទេ ដោយលោកគ្រាន់តែបញ្ជាក់ថា៖មន្ត្រីជំនាញកំពុងសាកសួរ មិនទាន់ដឹងថា ផ្តើមរឿងឡើងពីអ្វីនោះទេ ។
យ៉ាងណាក៏ដោយ ពេលនេះ អ្នកបើកបររថយន្តក្រុង ឈ្មោះ អឿន រ៉ាយ៉ា អាយុ២៨ឆ្នាំ និងព្រូរថយន្ត ឈ្មោះ អឿន ឌឿ អាយុ២៤ ឆ្នាំ ទាំង២នាក់ មានទីលំនៅ ឃុំសួង ស្រុកត្បូងឃុំ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ។

ប្រភពពីជនរងគ្រោះ ដែលបានរាយការណ៍ជូនសមត្ថកិច្ចថា ពួកគេទាំង៣នាក់ បានឡើងជិះរថយន្តក្រុងពាក់ស្លាកលេខ សៀមរាប 3A.2164 ចេញពីក្រុងកំពង់ឆ្នាំង ទៅចុះនៅចំណុចភូមិត្រពាំងពោធិ៍ ឃុំពង្រ មានចម្ងាយជាង៦គីឡូម៉ែត្រ ។ នៅលើរថយន្តក្រុង ព្រូរថយន្តបានទារថ្លៃឈ្នួលម្នាក់ ៥.០០០រៀល ពេលនោះពួកខ្លួនបានហុច ក្រដាស់ប្រាក់១៥.០០០រៀល ទៅឱ្យព្រូរថយន្ត ប៉ុន្តែត្រូវព្រូ និងអ្នកបើករថយន្ត មិនទទួលយកទេ ដោយចោទថា មិនមែនជាលុយខ្មែរឡើយ ។ បន្ទាប់មក ពួកខ្លួនបានហុចក្រដាស់ប្រាក់ ២០.០០០ រៀលទើប ព្រូរថយន្តព្រមយក និងអាប់៥ពាន់រៀលមកវិញ ។ ប្រភពដដែលបានបន្តថា លុះដល់កន្លែងចុះ ព្រួរថយន្តបានប្រើសំដីប្រមាថ ក្រដាស់ប្រាក់រៀលខ្មែរ យ៉ាងធ្ងន់ធ្ងរ ធ្វើអ្នកដំណើរទាំង៣នាក់មិនអាចទទួលយកបានឡើយ ហើយក៏កើតជាជម្លោះ រហូត ព្រូនិងអ្នកបើករថយន្ត ទាញយកដែកបំពង់ទីប មកវាយអ្នកដំណើរទាំង៣នាក់
បណ្តាលឱ្យរងរបួស២នាក់ ហើយអ្នកបើករថយន្តក្រុងបានបើករថយន្តរត់រហូតដល់ស្រុកបរិបូរណ៌មានចម្ងាយជាង៣០គីឡូម៉ែត្រទើបសមត្ថកិច្ចចាប់បាន ។

ជុំវិញជម្លោះរហូតឈានដល់ការប្រើហឹង្សានេះដែរ ភ្នាក់ងារយើង មិនអាចសុំការបំភ្លឺពីភាគីអ្នកបើករថយន្តបានទេ ព្រោះសមត្ថកិច្ចមិនអនុញាត្តឱ្យថតយករូបភាព ព្រមទាំងមិនទាន់ហ៊ានបំភ្លឺជាមួយអ្នកសារព័ត៌មានទៀត ។ ក្នុងហេតុការណ៍នេះដែរបើពិតដូចការចោទប្រកាន់ ពីភាគីអ្នកដំណើរមែន គឺពិតជាមានកំហុសធ្ងន់ធ្ងរណាស់ ព្រោះបានប្រមាថលើប្រាស់រៀលខ្លួនឯង ដែលជារូបីយវត្ថុជាតិ ។ បើមានព័ត៌មានប្រែប្រួលបែបណាយើងនឹង ផ្សាយជូននៅពេលក្រោយ៕