កាស៊ីណូ ចំនួន ១០ក្នុងចំណោមជាង ១០០កន្លែងបានចាប់ផ្ដើមបើកឡើងវិញ

គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា មានកាស៊ីណូ ៨ បើកដំណើរការឡើងវិញនៅក្រុងព្រះសីហនុ និង ២ ទៀតនៅទីក្រុងភ្នំពេញ និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយវានឹងធ្វើតាមដោយកាស៊ីណូមួយចំនួនទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់របស់លោក រស់ ភារុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអនុញ្ញាតឱ្យកាស៊ីណូ ទាំងនោះ ប្រតិបត្តិការជាថ្មីម្ដងទៀតកាលពីថ្ងៃទី៣ ខែកក្កដា ប៉ុន្តែតុលេងល្បែងភ្នាល់ ត្រូវតែដាក់ចម្ងាយយ៉ាងហោចណាស់ ១ ម៉ែត្រពីគ្នា ដោយឡែក ល្បែងភ្នាល់ជាក្រុមត្រូវបានហាមឃាត់។

យោងតាមក្រសួងសេដ្ឋកិច្ចកម្ពុជា មានកាស៊ីណូ ជាង ១០០កន្លែង ធ្លាប់ប្រតិបត្តិការអាជីវកម្មដោយភាគច្រើននៅតាមច្រកព្រំដែនសំខាន់ៗ ហើយគិតត្រឹមថ្ងៃនេះ យ៉ាងហោចណាស់កាស៊ីណូ ចំនួន ១០ បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនឡើងវិញចាប់តាំងពីកាស៊ីណូទាំងអស់ត្រូវបានផ្អាកប្រតិបត្តិការរបស់ពួកគេកាលពីថ្ងៃទី១ ខែមេសា តាមវិធានរបស់រដ្ឋាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ ១៩៕