រសៀលថ្ងៃនេះ ប្រមុខការទូតកម្ពុជា នឹងចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ កូរ៉េ លើកទី១០ តាមប្រព័ន្ធវីដេអូ

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅទីស្ដីការក្រសួងការបរទេស ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសមេគង្គ -សាធារណរដ្ឋកូរ៉េ លើកទី១០ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនេះ នឹងពិនិត្យពិភាក្សាឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ដោយកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការដែលមានកន្លងមក។

ជាមួយនេះ ប្រមុខការទូតនៃបណ្ដាប្រទេសជាសមាជិក នឹងពិភាក្សាផ្លាស់ប្ដូរយោបល់ក្នុងការពង្រឹងភាពជាដៃគូសាមគ្គីភាព និងដំណោះស្រាយបញ្ហាសំខាន់ៗ ក្នុងតំបន់ និងសកលលោក សម្រាប់កំណើននៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ-សាធារណរដ្ឋកូរ៉េ ដែលក្នុងនោះ ក៏នឹងពិភាក្សាដើម្បីកំណត់ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ លើកទី២ នាពេលខាងមុខផងដែរ៕