រុស្ស៊ី ៖ ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំង បាននិយាយថា វ៉ាក់សាំងកូវីដ១៩ ស្ពុតនីក វី( Sputnik V ) របស់ប្រទេសរុស្ស៊ី នឹងមានតំលៃ២០ ដុល្លារសម្រាប់មនុស្សម្នាក់ នៅលើទីផ្សារអន្តរជាតិហើយទីក្រុងម៉ូស្គូមានបំណងផលិតវ៉ាក់សាំងចំនួនជាងមួយពាន់លានដូសក្នុង និងក្រៅប្រទេសនៅឆ្នាំក្រោយ។
យោងតាមវេបសាយក្រុមហ៊ុន បានអោយដឹងថា វ៉ាក់សាំង ស្ពុតនីក នឹងត្រូវចាក់ចំនួនពីរដងដែលម្តងនឹងត្រូវចំណាយតិចជាង ១០ ដុល្លារ ហើយសម្រាប់ពលរដ្ឋរុស្ស៊ីការចាក់វ៉ាក់សាំងនឹងមិនគិតថ្លៃនោះទេ។ ការប្រកាសតម្លៃកំណត់នេះ ធ្វើឡើងនៅពេលដែលប្រទេស រុស្ស៊ីសម្លឹងមើលពីការពង្រីក ការចែកចាយ និងផលិតកម្មវ៉ាក់សាំង។ លោក គីរីល ឌីមីតទ្រីវ ប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព RDIF របស់ប្រទេសរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូ និងដៃគូបរទេស មានសមត្ថភាពផលិតបានជាងមួយពាន់លានដូស ដោយចាប់ផ្តើមពីឆ្នាំក្រោយ ដែលអាចផ្តល់ជូនដល់ប្រជាជនជាង ៥០០ លាននាក់។ តម្លៃទីផ្សារអន្តរជាតិសម្រាប់វ៉ាក់សាំង ស្ពុតនីក វី ដែលបានដាក់បង្ហាញនេះ មានតំលៃថោកជាងក្រុមហ៊ុនគូប្រជែងរបស់ប្រទេសលោកខាងលិចផ្សេងទៀត ដូចជាវ៉ាក់សាំងដែល ផលិតដោយក្រុមហ៊ុន ហ្វាយហ្ស័រ ដែលមានតម្លៃ ១៥.៥ អឺរ៉ូ ប៉ុន្តែថ្លៃជាងដែលវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន អាស្ត្រាហ្សេណេកា ដែលនឹងត្រូវលក់នៅតំបន់អឺរ៉ុបដែលមានតំលៃ ប្រហែល ២.៥ អឺរ៉ូ។
លោក ឌឺមីតទ្រីវ បានប្រាប់រ៉យទ័រថា ទីក្រុងមូស្គូបានព្យាយាមធ្វើឱ្យតម្លៃធ្លាក់ចុះ ដើម្បីធ្វើឱ្យមនុស្សជាច្រើននៅជុំវិញពិភពលោកទទួលបានវ៉ាក់សាំង តាមដែលអាចធ្វើទៅបាន។ ទីក្រុងមូស្គូត្រូវបានរិះគន់ដោយអ្នកវិទ្យាសាស្ត្រមួយចំនួននៅ ប្រទេសលោកខាងលិច ដែលបានចោទប្រកាន់ថា រុស្សីដើរផ្លូវកាត់ដើម្បីប្រញាប់ប្រញាល់បញ្ចេញវ៉ាក់សាំង ប៉ុន្តែប្រទេសរុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ និងនិយាយថាការចោទប្រកាន់នេះគឺជាល្បិចដ៏កខ្វក់របស់ប្រទេសលោកខាងលិច ដើម្បីរារាំងមនុស្សមិនឱ្យចាក់វ៉ាក់សាំងរបស់រុស្សី នៅក្នុងអ្វីដែលរុស្សីជឿថា បានក្លាយជាសមរភូមិដើម្បីភាពស្របច្បាប់ និងចំណែកភាគហ៊ុនទីផ្សារ៕ ដោយ ៖ ម៉ាម៉ា
































