សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់ក្រុមអតីតសមាសភាពបក្សប្រឆាំងចំនួន ១២៩នាក់ពាក់ព័ន្ធករណីការចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល «ផែនការព្រឹត្តិការណ៍៩វិច្ឆិកា ) របស់លោក សម រង្ស៉ី។
លោក សម រង្ស៉ី និងបក្ខពួក ៨នាក់ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» តាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការ នៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
សូមរំលឹកថា តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ៖ ផែនការនៃការវិលចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៉ី មេចលនាឧទ្ទាមដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំមុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ៕
































