រដ្ឋាភិបាលស៊ុយអែត សម្រេចបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា នាចុងឆ្នាំ២០២១

ភ្នំពេញ ៖ រដ្ឋាភិបាល ស៊ុយអែត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសពីការសម្រេចបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា នាចុងឆ្នាំ២០២១ ដោយប្តូរទៅទីក្រុងបាងកក ប្រទេសថៃ វិញ ហើយសកម្មភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក នឹងរ៉ាប់រងទំនាក់ទំនងការទូតជាមួយកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយលោកស្រី Ann Linde រដ្ឋមន្ត្រីការបរទេស ស៊ុយអែត បានបញ្ជាក់ថា នៅពេលដែល ស្ថានទូតបិទ ក្រសួងការបរទេស ស៊ុយអែត នឹងមិនមាន បុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ប៉ុន្តែកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នឹងនៅតែបន្តដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអែត (Sida) ។ សេចក្តីប្រកាសព័ត៌មានដដែល បានអះអាងថា ប្រទេសទាំងពីរនៅមានទំនាក់ទំនងគ្នាយ៉ាងល្អ ប៉ុន្តែនឹងបន្តសហប្រតិបត្តិការតាមផ្លូវថ្មីមួយទៀត ដែលឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំនៅទីក្រុងបាងកក នឹងរ៉ាប់រងការងារទូតនៅប្រទេសកម្ពុជាថែមទៀត ហើយសកម្មភាពការងារជាមួយក្រសួងការបរទេស ក៏ត្រូវផ្ទេរទៅស្ថានទូតស៊ុយអែត នៅទីក្រុងបាងកកផងដែរ។ សេចក្តីប្រកាសឲ្យដឹងទៀតថា ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃការសម្របខ្លួនប្រចាំរបស់ស្ថាប័ននៅបរទេសរបស់ក្រសួងការបរទេសស៊ុយអែត ដើម្បីឆ្លើយតបនូវការប្រែប្រួលស្ថានភាពខាងក្រៅ និងតម្រូវការត្រួតពិនិត្យ និងសេវាកម្មថ្មី»។

ទាក់ទិននឹងការបិទស្ថានទូតស៊ុយអែត នៅប្រទេសកម្ពុជា លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ៖ «វាជាកិច្ចការផ្ទៃក្នុងរបស់គេ ជាសិទ្ធិរបស់គេក្នុងការបង្កើតស្ថានទូត ឬបិទស្ថានទូត អាហ្នឹងស្រេចតែគេទេ ហើយពាក់ព័ន្ធ ទំនាក់ទំនងរវាងកម្ពុជា-ស៊ុយអែតហ្នឹង មិនមានអ្វីប្រែប្រួលទេ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយទំនាក់ទំនងការទូតត្រឹមត្រូវណាស់ជាមួយ បណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយគោរពគោលការណ៍ ឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដីរបស់គ្នាទៅវិញទៅមក។ ដោយឡែកប្រទេសស៊ុយអែត គាត់យល់ឃើញយ៉ាងណា ចំពោះទំនាក់ទំនងកោការទូតជាមួយកម្ពុជា វាជាសិទ្ធិរបស់ពួកគេ ហើយការបិទស្ថានទូតនៅកម្ពុជា តាមមើលទៅប្រហែលប្រទេស ស៊ុយអែត ដាច់លុយចិញ្ចឹមទូតនៅកម្ពុជា ព្រោះប្រទេសនេះ មានវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរដែរ។

គួរជម្រាបថា ប្រទេស ស៊ុយអែត បានបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា ចាប់តាំងពីឆ្នាំ១៩៦១ មក ប៉ុន្តែស្ថានទូត យអែត នៅក្រុងបាងកក ដើរតួជាតំណាងស៊ុយអែត នៅក្នុងទំនាក់ទំនងនេះ។ ប្រទេស ស៊ុយអែត ស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អឺរ៉ុប ដែលបានសម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ឆ្នាំ២០១០។ ស៊ុយអែត ជាប្រទេសមួយដែលផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ដោយផ្ដោតសំខាន់លើសិទ្ធិមនុស្ស ការអប់រំ និងបរិស្ថាន។ មួយរយៈចុងក្រោយនេះ ត្រូវបានកត់សម្គាល់ថា ស៊ុយអែត បានបង្វែរជំនួយពីរដ្ឋាភិបាលកម្ពុជា ទៅជួយអង្គការសង្គមស៊ីវិលទៅវិញ៕